លោកប្រធានាធិបតីអាមេរិក Donald Trump បានអបអរការកាន់តំណែង "១០០ថ្ងៃដំបូងដ៏ជោគជ័យបំផុត" នៃអាណត្តិទីពីររបស់លោក ជាមួយនឹងពិធីប្រមូលផ្តុំនៅល្ងាចថ្ងៃអង្គារ (២៩ មេសា) ខាងក្រៅទីក្រុង Detroit រដ្ឋ Michigan ដោយរិះគន់ចៅក្រុមថាព្យាយាមដណ្ដើមអំណាចរបស់លោក ជាមួយនឹងការព្រមានដ៏ម៉ឺងម៉ាត់ថា "ពុំមានអ្វីអាចរារាំងរូបលោកបានឡើយ"។

ក្នុងសន្ទរកថាបើកពិធី លោក Trump បានប្រកាសថា "ប្រជាជាតិកំពុងអបអរ ១០០ថ្ងៃដំបូងដែលទទួលបានជោគជ័យបំផុតសម្រាប់រដ្ឋបាលក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយក្នុងពេល ១០០ថ្ងៃនេះ អាមេរិកបានធ្វើការផ្លាស់ប្តូរដ៏ជ្រាលជ្រៅបំផុតនៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលជិត ១០០ឆ្នាំ”។

ដោយចំណាយពេលភាគច្រើននៃសុន្ទរកថា ៩០នាទីរបស់ខ្លួន ដើម្បីសាទរពីកំណត់ត្រាដ៏ល្អនៃរដ្ឋបាល និងបានរិះគន់លើចៅក្រម ព្រមទាំងគូប្រជែងដទៃទៀត លោក Trump បានការពារវិធីសាស្រ្តអនុវត្តការងារនានា រាប់ចាប់ពីរឿងអន្តោប្រវេសន៍ ការបណ្ដេញបុគ្គលិក ទៅដល់ការរិះគន់រដ្ឋបាលមុន។ ប្រធានាធិបតីទី៤៥ និងទី៤៧ របស់អាមេរិករូបនេះ បានលើកឡើងថា "ពុំមានអ្វីអាចរារាំងលោកក្នុងបេសកកម្មដើម្បីរក្សាសុវត្ថិភាពអាមេរិកម្ដងទៀតបានឡើយ"។
ជម្រើសរបស់លោក Trump ក្នុងការធ្វើពិធីនេះនៅរដ្ឋ Michigan គឺមិនត្រឹមតែជាការដឹងគុណដល់រដ្ឋប្រទាញប្រទូងមួយនេះដែលជួយលោកឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាប៉ុណ្ណោះទេ ប៉ុន្តែដោយសាររដ្ឋនេះជាអ្នកទទួលផលដ៏ធំនៃគោលនយោបាយពន្ធ ដែលលោកអះអាងថា នឹងធ្វើឱ្យផលិតកម្មរបស់សហរដ្ឋអាមេរិករស់ឡើងវិញ៕