រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារ (២៩ មេសា) ថា ឥឡូវនេះដល់ពេលហើយសម្រាប់សំណើជាក់ស្តែងពីទីក្រុងមូស្គូ និងទីក្រុងគីវ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ហើយបន្តព្រមានជាថ្មីថា សហរដ្ឋអាមេរិក នឹងដើរថយចេញក្នុងនាមជាអ្នកសម្របសម្រួល ប្រសិនបើនៅតែមិនមានវឌ្ឍនភាព។

ទាំងទីក្រុងគីវ និងទីក្រុងមូស្គូ បានព្យាយាមបង្ហាញលោកប្រធានាធិបតីអាមេរិក Donald Trump ថាពួកគេកំពុងដើរឆ្ពោះទៅរកគោលដៅរបស់លោកនៃកិច្ចព្រមព្រៀងសន្តិភាពឆាប់រហ័ស បន្ទាប់ពីការគំរាមម្តងហើយម្តងទៀតរបស់អាមេរិក ក្នុងការបោះបង់ចោលការជំរុញសន្តិភាពរបស់ខ្លួន ប៉ុន្តែនៅអង្គការសហប្រជាជាតិ ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបន្តសង្រ្គាម។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy Bruce បានដកស្រង់សម្តីរបស់លោក Rubio ដោយនិយាយថា ពេលវេលាបានមកដល់ហើយ ដែល "សំណើជាក់ស្តែងចាំបាច់ត្រូវផ្តល់ដោយភាគីទាំងពីរ ពីមធ្យោបាយបញ្ចប់ជម្លោះ" ដោយបញ្ជាក់ពីជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចង់បាន "បទឈប់បាញ់ពេញលេញ និងយូរអង្វែង" ជាចាំបាច់ មិនមែន "បទឈប់បាញ់ ៣ថ្ងៃ" ដើម្បី "ប្រារព្ធអ្វីមួយនោះទេ"។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់ ៧២ម៉ោង ចាប់ពីថ្ងៃទី០៨ ដល់ពាក់កណ្ដាលអាធ្រាត្ររំលងថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទីពីរ ក្នុងអ្វីដែលអ៊ុយក្រែន ហៅថាជាការប៉ុនប៉ងយ៉ាងល្បិចកល៕