ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ដែលផ្តល់ជំនួយដល់កុមារ ជនភៀសខ្លួន និងជនងាយរងគ្រោះនៅជុំវិញពិភពលោក កំពុងតែរំសាយការងារបុគ្គលិក ឬកាត់បន្ថយការចំណាយតាមមធ្យោបាយផ្សេងៗ ដោយក្រុមមន្ត្រីចង្អុលទៅការធ្លាក់ចុះនៃមូលនិធិភាគច្រើនពីសហរដ្ឋអាមេរិក និងព្រមានថា កម្មវិធីជំនួយសង្គ្រោះសំខាន់ៗ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។

អនុស្សរណៈផ្ទៃក្នុង ដែលត្រូវបញ្ជាក់ដោយក្រុមន្រ្តីបានបង្ហាញថា កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ រំពឹងថានឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ ៣០% ខណៈប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បាននិយាយថា ខ្លួននឹងបន្ថយការិយាល័យកណ្តាល និងការិយាល័យក្នុងតំបន់ ដើម្បីបន្ទាបចំណាយចំនួន ៣០% និងរំសាយមុខតំណែងជាន់ខ្ពស់ចំនួន ៥០%។

ជាមួយគ្នានេះ ទីភ្នាក់ងារផ្សេងទៀតដូចជា អង្គការ UNICEF ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ និង OCHA ដែលជាទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ក៏បានប្រកាស ឬគ្រោងកាត់បន្ថយដូចគ្នាផងដែរ។

ជំហាននេះបានគូសបញ្ជាក់ពីឥទ្ធិពលអវិជ្ជមាននៃការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកអាមេរិក ចេញពីតំណែងជាអ្នកផ្តល់ជំនួយដ៏ធំបំផុតតែមួយគត់របស់ពិភពលោក។ សូម្បីតែមុនពេលការកាត់ជំនួយថ្មីនេះក៏ដោយ ក៏បណ្ដាប្រទេសម្ចាស់ជំនួយជាច្រើនបានបន្ទាបការចំណាយមនុស្សធម៌រួចទៅហើយ ខណៈទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ជួបការលំបាកខ្លាំងក្នុងការសម្រេចបាននូវគោលដៅផ្តល់មូលនិធិរបស់ខ្លួន៕