ប្រភពចំនួនពីរដែលដឹងពីស្ថានការណ៍នេះ បាននិយាយថា ប្រទេសចិន បានបង្កើតបញ្ជីរាយមុខទំនិញផលិតដោយសហរដ្ឋអាមេរិក ដែលនឹងត្រូវលើកលែងពីពន្ធ ១២៥% របស់ខ្លួន ក្នុងអ្វីដែលហៅថា "បញ្ជីស" ហើយកំពុងជូនដំណឹងដល់ក្រុមហ៊ុនយ៉ាងស្ងៀមស្ងាត់ពីគោលការណ៍នេះ ខណៈដែលទីក្រុងប៉េកាំង ស្វះស្វែងបន្ធូរបន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

ព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍មុនថា ចិនបានលើកលែងពន្ធលើផលិតផលដែលជ្រើសរើសមួយចំនួនរួចមកហើយ រួមទាំងឱសថ មីក្រូឈីប និងម៉ាស៊ីនយន្តហោះជាក់លាក់ច្រើនប្រភេទ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ប្រភេទទំនិញសំខាន់ៗ ដែលពួកគេត្រូវការដោយមិនមានពន្ធ។

ចិន បាននិយាយម្តងហើយម្តងទៀតថា ខ្លួនមានឆន្ទៈតតាំងរហូតដល់ទីបញ្ចប់ លុះត្រាតែសហរដ្ឋអាមេរិកដកពន្ធ ១៤៥% របស់ខ្លួន ហើយវិធីសាស្រ្តស្ងប់ស្ងាត់បែបនេះអនុញ្ញាតឱ្យទីក្រុងប៉េកាំង រក្សាការផ្ញើសារជាសាធារណៈរបស់ខ្លួន ខណៈចាត់វិធានការជាក់ស្តែងស្ងាត់ៗក្នុងការផ្តល់សម្បទាន។

ប្រភពទាំងពីរសង្កត់ធ្ងន់ថា ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ទេថា តើបញ្ជីនោះមានផលិតផលអ្វីខ្លះ និងចំនួនប៉ុន្មាន ដោយសារអាជ្ញាធរមិនបានចែករំលែកជាសាធារណៈទេហើយសេចក្ដីលម្អិតក៏មិនត្រូវបានដឹងទូលំទូលាយដែរ៕