ប្រធានាធិបតីប្រទេសលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) បានអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសលោក ចំពោះកំណែទម្រង់ដ៏ទូលំទូលាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងកិច្ចប្រជុំជាមួយគណៈប្រតិភូមកធ្វើទស្សនកិច្ច ដឹកនាំដោយឧត្តមសេនីយ៍ចូលនិវត្តន៍អាមេរិក លោក Joseph Votel ។

លោក Aoun បានប្រាប់គណៈប្រតិភូមកពីវិទ្យាស្ថានមជ្ឈិមបូព៌ា ជាមជ្ឈមណ្ឌលស្រាវជ្រាវនិងវប្បធម៌ មិនរកប្រាក់ចំណេញ និងមិនចំណុះគណបក្សនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុង Washington ថា «ប្រទេសលីបង់ កំពុងឆ្ពោះទៅមុខដោយកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋបាល»។

លោក Aoun បានសាទរកិច្ចប្រជុំកាលពីពេលថ្មីៗនេះនៅទីក្រុងវ៉ាស៊ីនតោន រវាងគណៈប្រតិភូលីបង់ និងតំណាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ថាមានភាព «វិជ្ជមាន» ដោយបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាទាំងនេះ នឹងផ្តល់លទ្ធផលស្ថាបនា មានប្រយោជន៍ដល់សេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្រទេសនេះ។
ក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក លោក Aoun បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ និងបញ្ហាប្រឈមនានាក្នុងការទទួលជនភៀសខ្លួនស៊ីរី។
ថ្លែងអំពីស្ថានភាពនៅភាគខាងត្បូងប្រទេសលីបង់ លោក Aoun បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយពេញលេញរបស់កងទ័ពលីបង់នៅក្នុងតំបន់នោះ បច្ចុប្បន្នត្រូវបានរារាំងដោយការកាន់កាប់ដែលនៅតែបន្តរបស់អ៊ីស្រាអែល នៅលើភ្នំចំនួន៥នៅតាមព្រំដែន។ លោកប្រធានាធិបតី បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែលឱ្យដកកងទ័ពចេញពីទីតាំងទាំងនោះ ដូចមានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឈានដល់កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីអនុញ្ញាតឱ្យកងទ័ពលីបង់មានសិទ្ធគ្រប់គ្រងពេញលេញ និងស្ដារអធិបតេយ្យភាពរដ្ឋឡើងវិញនៅតំបន់ទាំងមូល។