ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារ (ទី២៩ ខែមេសា) បាននិយាយថា ប្រទេសម៉ិកស៊ិកបានទទួលជនអន្តោប្រវេសន៍ជិត ៣៩.០០០នាក់ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក គិតចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលក្នុងនោះ ៣៣.០០០នាក់ ជាជនជាតិម៉ិកស៊ិក។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់នាពេលព្រឹក លោកស្រី Sheinbaum បានប្រាប់ថា ទោះបីជាម៉ិកស៊ិកបានសម្រេចទទួលយកអ្នកមិនមែនជនជាតិម៉ិកស៊ិកដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក សម្រាប់ «ហេតុផលមនុស្សធម៌» ក៏ដោយ ក៏មានតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនមកម៉ិកស៊ិក គិតចាប់តាំងពីលោក Trump ចូលកាន់តំណែងនៅចុងខែមករា។
លោកស្រី Sheinbaum បាននិយាយថា៖ «មនុស្សកាន់តែតិចទៅជាងមុន កំពុងមកដល់ប្រទេសយើងពីប្រទេសផ្សេងទៀត ដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងជាមួយប្រទេសទាំងអស់នោះ»។
ម៉ិកស៊ិកបានទទួលមនុស្សតិចជាងមុនដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក គិតចាប់តាំងពីលោក Trump ចូលកាន់តំណែង បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គ្រប់គ្រងប្រទេស។
បើយោងតាមទិន្នន័យរបស់ម៉ិកស៊ិក បានឲ្យដឹងថា ម៉ិកស៊ិកបានទទួលជនអន្តោប្រវេសន៍ប្រហែល ៥២.០០០នាក់ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ក្នុងខែកុម្ភៈ មីនា និងខែមេសាឆ្នាំមុន។ ហើយបើទោះបីជាលោក Trump សន្យាថា នឹងធ្វើយុទ្ធនាការនិរទេសទ្រង់ទ្រាយធំក៏ដោយ ក៏ការថយចុះនេះត្រូវបានជំរុញដោយការឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកតិចជាងមុនរបស់ជនអន្តោប្រវេសន៍៕

