ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា សេវាសន្តិសុខរបស់ប្រទេសអារ៉ាប់រួម បានបញ្ឈប់ ការប៉ុនប៉ងបញ្ជូនអាវុធ និងគ្រឿងយុទ្ធោបករណ៍ដោយខុសច្បាប់ ទៅឲ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់។

សេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មាន WAM បានឲ្យដឹងថា៖«សេវាសន្តិសុខរបស់ប្រទេសនេះ បានរារាំងការប៉ុនប៉ង ដើម្បីរត់ពន្ធអាវុធ និងឧបករណ៍យោធាដោយខុសច្បាប់ ទៅឲ្យកងកម្លាំងប្រដាប់អាវុធ ស៊ូដង់»។
អគ្គរដ្ឋអាជ្ញារបស់អារ៉ាប់រួម លោក Hamad Saif Al-Shamsi បាននិយាយថា អាជ្ញាធរ បានបញ្ឈប់ការបញ្ជូនដោយខុសច្បាប់នូវ «បរិមាណនៃគ្រឿងយុទ្ធោបករណ៍ទៅឲ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ បន្ទាប់ពីមានការចាប់ខ្លួនសមាជិកនៃក្រុមដែលពាក់ព័ន្ធនឹងការសម្រុះសម្រួលដោយគ្មានការអនុញ្ញាត និងការជួញដូរដោយខុសច្បាប់នូវឧបករណ៍យោធា ដោយមិនទទួលបានអាជ្ញាប័ណ្ណចាំបាច់»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ចុងចោទត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលត្រួតពិនិត្យគ្រាប់រំសេវនៅក្នុងយន្តហោះឯកជនមួយគ្រឿង នៅឯអាកាសយានដ្ឋានមួយរបស់ប្រទេសនេះ។
អាជ្ញាធរបានរឹបអូសគ្រាប់រំសេវធុន 7.62x54mmR ប្រមាណ ៥លានគ្រាប់ នៅក្នុងយន្តហោះនោះ។
