នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំពិភពលោករួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ហើយនិងក្រុមមេដឹកនាំជាច្រើនទៀត បានបង្ហាញភាពក្រៀមក្រំរបស់ពួកគេ និងបានថ្កោលទោសការវាយប្រហារស្លាប់មនុស្សរបស់ក្រុមជីវពលនៅតំបន់កាស្មៀរ ប្រទេសឥណ្ឌា ។
លោក Trump និយាយថា ឥណ្ឌាមាននូវការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ក្រោយក្រុមជីវពលសង្ស័យ បើកការវាយប្រហារដ៏ឥតញញើតដៃលើក្រុមភ្ញៀវទេសចរ នៅដែនដីសហព័ន្ធចាមមូ និងកាស្មៀរ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៦នាក់ ។
ចំណែកឯប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា លោកស្រីដឹងច្បាស់ថា ស្មារតីឥណ្ឌាមិនអាចបំបែកបានឡើយ ។ អ្នកត្រូវតែរឹងមាំក្នុងពេលមានទុក្ខលំបាកមួយនេះ ហើយអឺរ៉ុបនឹងឈរខាងអ្នក ។
ការវាយប្រហារនេះ បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍មុន នៅជ្រលងភ្នំ Baisaran ស្ថិតក្នុងតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល Pahalgam ក្នុងដែនដីសហព័ន្ធហិម៉ាឡៃ ។
វាគឺជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅប្រទេសឥណ្ឌា ចាប់តាំងពីការបាញ់ប្រហារនៅក្រុងម៉ុមបៃកាលពីឆ្នាំ ២០០៨ ហើយនិងបានធ្វើឲ្យរង្គោះរង្គើរដល់ភាពស្ងប់ស្ងាត់នៅតំបន់កាស្មៀរ ជាទីដែលវិស័យទេសចបានរីកដូចផ្សិត ពេលដែលការបះបោរប្រឆាំងឥណ្ឌា ថមថយចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕