អ៊ីស្រាអែល បានស្នើសុំឲ្យប្រទេសក្រិក ស៊ីប អ៊ីតាលី និងក្រូអាត ជួយពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំដែលបានឆាប់ឆេះឡើងនៅព្រឹកថ្ងៃពុធនេះ នៅតាមទីតាំងជាច្រើនកន្លែងជិតទីក្រុងហ្សេរុយសាឡឹម និងនៅតាមផ្លូវ Highway 1 ឆ្ពោះទៅកាន់ទីក្រុងមួយនេះ ក៏ដូចជាតំបន់សហគមន៍នៅតាមផ្លូវ ហើយពួកគេបានណែនាំឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនផងដែរ ។
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានស្នើសុំសមភាគីនៅប្រទេសទាំង ៤ ឲ្យបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ និងឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅអ៊ីស្រាអែល ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Neve Shalom, Beko’a, Ta’oz, Mevo Horon, Mishmar Ayalon និងភូមិ Nachshon ត្រូវបានជម្លៀសខ្លួននៅថ្ងៃពុធនេះ ។
វត្តអារាមបុរាណ Latrun នៅជិតទីតាំងភ្លើងឆេះព្រៃ ត្រូវបានជម្លៀសមនុស្សចេញផងដែរ ។ រថយន្តជាច្រើនគ្រឿង បានជាប់នៅលើដងផ្លូវ Highway 1 បង្ខំឲ្យអ្នកបើកបរបោះបង់ចោលរថយន្តរបស់ពួកគេ និងរត់គេចដោយថ្មើរជើង ពេលដែលផ្លូវបិទ ដោយសារភ្លើងឆេះព្រៃ និងផ្សែងយ៉ាងក្រាស់ ។
មកទល់នឹងពេលនេះ មនុស្ស ៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ សម្រាប់ការស្រូបផ្សែង ។
នេះគឺជាលើកទី ២ហើយក្នុងសប្តាហ៍នេះដែលភ្លើងឆេះព្រៃទ្រង់ទ្រាយធំ បានកើតឡើងនៅតំបន់ជាយក្រុងហ្សេរុយសាឡឹម និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស ៕