ទូរទស្សន៍ Citizen TV បានរាយការណ៍ថា សមាជិកសភារបស់ប្រទេសកេនយ៉ាម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីយប់ថ្ងៃពុធ ទី៣០ ខែមេសា ក្នុងរដ្ឋធានីណៃរ៉ូប៊ី(Nairobi) ដោយខ្មាន់កាំភ្លើងជិះម៉ូតូ។ ព័ត៌មាននេះ ក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មានរបស់ប្រទេសកេនយ៉ាផ្សេងទៀត រួមទាំងសារព័ត៌មាន The Nation និង The Standard ផងដែរ។

ទូរទស្សន៍ Citizen TV បានរាយការណ៍ថា សមាជិកសភា លោក Charles Were ជាអ្នកដែលតំណាងឱ្យមណ្ឌលបោះឆ្នោត Kasipul នៅភាគខាងលិចប្រទេសកេនយ៉ា ត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល ៧:៣០យប់ម៉ោងក្នុងស្រុកដោយខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូតាមពីក្រោយលោក។

ទូរទស្សន៍ Citizen TV បានរាយការណ៍ថា ខ្មាន់កាំភ្លើងម្នាក់បានចុះពីលើម៉ូតូ ហើយបានបាញ់ប្រហារក្នុងចម្ងាយជិត ហើយអ្នកបើកបររបស់លោក បានរួចផុតពីការបាញ់ប្រហារនេះ។ សមាជិកសភារូបនេះត្រូវបានគេប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ។
លោក Charles Were ជាសមាជិកគណបក្ស ODM ជាគណបក្សបក្សប្រឆាំងដឹកនាំដោយអ្នកនយោបាយជើងចាស់ លោក Raila Odinga ជាអ្នកដែលបានចាញ់លោក William Ruto ក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២២។ លោក Raila Odinga ដែលបានច្រានចោលលទ្ធផលបោះឆ្នោតដោយចោទប្រកាន់ពីភាពមិនប្រក្រតី បានចុះកិច្ចព្រមព្រៀងជាមួយ លោក Ruto ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងប្រទេសកេនយ៉ា។