រដ្ឋាភិបាលរបស់ទីក្រុងដេលី បាននិយាយថា ឥណ្ឌាបានបិទដែនអាកាសរបស់ខ្លួនចំពោះក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន កាលពីថ្ងៃពុធ (៣០ មេសា) ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនមួយនេះ បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា មិនឱ្យហោះហើរលើទឹកដីខ្លួន ក្រោយការវាយប្រហារលើអ្នកទេសចរសម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរ។

រដ្ឋាភិបាលឥណ្ឌា បាននិយាយក្នុងសេចក្តីជូនដំណឹងមួយថា ការហាមប្រាមហោះហើរនឹងមានរយៈពេលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា។ ផលប៉ះពាល់នៃបម្រាមលើឧស្សាហកម្មអាកាសចរណ៍ប៉ាគីស្ថាន ទំនងជាតូចជាងផលប៉ះពាល់លើឥណ្ឌា ដោយសារមានតែក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានប៉ុណ្ណោះ ដែលដំណើរការផ្លូវទៅកាន់ទីក្រុងគូឡាឡាំពួ ដោយប្រើដែនអាកាសឥណ្ឌា។

បន្ថែមពីលើភាពតានតឹងដែលកំពុងឆាបឆេះនេះ ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមាន "ចារកម្មសម្ងាត់" ដែលគួរឱ្យទុកចិត្តថា ឥណ្ឌាមានបំណងធ្វើសកម្មភាពយោធាក្នុងពេលឆាប់ៗ ដោយប្រើលេសការវាយប្រហារលើភ្ញៀវទេសចរនៅកាស្មៀរ។

ឥណ្ឌាបានកំណត់អត្តសញ្ញាណជនវាយប្រហារទាំង ៣នាក់នោះ ដែលរួមទាំងជនជាតិប៉ាគីស្ថាន ២នាក់ ថាជា "ភេរវករ" ដែលបះបោរដោយហិង្សានៅតំបន់កាស្មៀរ ដែលភាគច្រើនជាជនជាតិមូស្លីម។ ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធនូវតួនាទីណាមួយ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតអព្យាក្រឹត៕