នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០១ ឧសភា) នេះថា ប្រជាជនសិង្ហបុរី ត្រូវបោះឆ្នោតឱ្យបេក្ខជនដែលបានបង្កើតការជឿទុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីនៅសហរដ្ឋអាមេរិក និងប្រទេសចិន ដោយលោកជំរុញឱ្យអ្នកបោះឆ្នោតបន្តជ្រើសរើសគណៈរដ្ឋមន្ត្រីរបស់លោកឡើងវិញ ក្នុងការបោះឆ្នោតសកលថ្ងៃទី០៣ ខែឧសភា ខាងមុខ។

ថ្លែងទៅកាន់សហជីពកម្មករដែលមានកម្លាំង ១,៤លាននាក់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការ លោក Wong បានព្រមានពីចលាចលសេដ្ឋកិច្ច និងការបាត់បង់ការងារ ប្រសិនបើពន្ធរបស់អាមេរិកពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក។ រដ្ឋាភិបាលរបស់លោកព្រមានថា សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម អាចប្រឈមនឹងលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ច ខណៈជំរុញទឹកចិត្តអ្នកគាំទ្រឱ្យប្រគល់សន្លឹកឆ្នោតជូនខ្លួន។

លោក Wong លើកឡើងថា "សម្ពាធកាន់តែច្រើន ដូច្នេះសិង្ហបុរីត្រូវការអ្នកមានបទពិសោធន៍ និងជំនាញនៅក្នុងរដ្ឋាភិបាលដែលបានកសាងទំនុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីអាមេរិក និងចិន"។ លោកបន្តថា អ្នកបោះឆ្នោតចាំបាច់ត្រូវជ្រើសរើសក្រុមការងារទាំងមូលរបស់លោកឡើងវិញ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចទាំងនេះឱ្យមានប្រសិទ្ធភាព។

គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចរបស់សិង្ហបុរី បានគ្រប់គ្រងតាំងពីឆ្នាំ១៩៥៩មក ហើយត្រូវរំពឹងទុកយ៉ាងទូលំទូលាយថានឹងអាចជាប់ឆ្នោតឡើងវិញយ៉ាងងាយស្រួល ប៉ុន្តែក៏មានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងអភិបាលកិច្ចរបស់ខ្លួន ចំពោះកំណើនតម្លៃរស់នៅប្រចាំថ្ងៃ៕