អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃពុធ បានបន្តការអំពាវនាវរបស់លោក ឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព នៅក្នុងប្រទេសស៊ូដង់ និងបានជំរុញសហគមន៍អន្តរជាតិ ឲ្យធ្វើសកម្មភាពភ្លាមៗ ដើម្បីជួយបញ្ចប់ការរងទុក្ខ និងការបំផ្លិចបំផ្លាញឥតឈប់ឈរនៅក្នុងប្រទេសនេះ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ហ្គុយតឺរេស មានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពមហន្តរាយកាន់តែខ្លាំងឡើង នៅក្នុងរដ្ឋ North Darfur នៃប្រទេសស៊ូដង់ ខណៈដែលការវាយប្រហារដ៏សាហាវ នៅតែបន្តលើរដ្ឋធានី Al Fasher» ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការវាយលុកលើជំរំភៀសខ្លួន Zamzam និង Abu Shouk ដែលរងគ្រោះដោយទុរ្ភិក្ស ដែលបានរាយការណ៍ថា បានសម្លាប់ជនស៊ីវិលរាប់រយនាក់ រួមទាំងបុគ្គលិកមនុស្សធម៌ផងដែរ។

លោកបាននិយាយថា ជាមួយនឹងមនុស្សជាង ៤០០.000នាក់ ដែលត្រូវបានគេប៉ាន់ស្មានថា ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីជំរំZamzamកាលពីដើមខែនេះ លោកអគ្គលេខាធិការ មានការព្រួយបារម្ភជាពន់ពេក ចំពោះរបាយការណ៍នៃការយាយី ការបំភិតបំភ័យ និងការឃុំខ្លួនដោយបំពានលើជនភៀសខ្លួន នៅកន្លែងត្រួតពិនិត្យ។
លោក Dujarric បានបន្ថែមថា ទោះបីជាមានអសន្តិសុខ និងកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរក៏ដោយ អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ កំពុងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបង្កើនជំនួយសង្គ្រោះបន្ទាន់នៅតំបន់ Tawila នៃរដ្ឋ North Darfur ដែលជាកន្លែងទទួលភាគច្រើននៃអ្នកផ្លាស់ទីលំនៅ មកពីជំរំ Zamzam ។
អំពើហិង្សាលើជនស៊ីវិល ក៏នៅតែបន្តនៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសស៊ូដង់ ជាមួយនឹងរបាយការណ៍នៃការសម្លាប់រង្គាល នៅទីក្រុង Omdurman ក្នុងរដ្ឋខាទុំ( Khartoum) កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។
