បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងប្រឹងប្រែងទាក់ទងជាមួយទីក្រុងប៉េកាំង ដើម្បីផ្តួចផ្តើមកិច្ចពិភាក្សា ស្តីពីបញ្ហាកម្រិតពន្ធខ្ពស់ ដែលក្រុងវ៉ាស៊ីនតោនបានដាក់លើប្រទេសចិន។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Weibo របស់គណនីឈ្មោះ Yuyuantantian ដែលមានទំនាក់ទំនងជាមួយទូរទស្សន៍មជ្ឈិមរបស់ប្រទេសចិន ដែលតែងបង្ហាញអំពីទស្សនៈរបស់ទីក្រុងប៉េកាំង ស្តីពីបញ្ហាពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានទាក់ទងទៅកាន់ប្រទេសចិន តាមរយៈបណ្តាញជាច្រើន ។

គណនីនោះបានស្រង់សម្ដីបុគ្គលលាក់អត្តសញ្ញាណដែលដឹងអំពីបញ្ហានេះ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។ ការបង្ហោះនេះបានបង្ហាញពីស្ថានភាពផ្សេងគ្នាលើទិសដៅ នៅពីក្រោយឆាក រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតជាងគេទាំង២ របស់ពិភលោក។
លោក Trump បាននិយាយម្តងហើយម្តងទៀតថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចាំបាច់ត្រូវទាក់ទងរូបលោក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពន្ធគយ ហើយនៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា វាអាស្រ័យលើទីក្រុងប៉េកាំង ក្នុងការចាត់វិធានការដំបូង ដើម្បីបន្ថយជម្លោះ។
តែយ៉ាងណាក្ដី គណនី Yuyuanantian បានលើកឡើងនៅក្នុងការបង្ហោះនោះថា៖ «ប្រទេសចិនមិនចាំបាច់ពិភាក្សាជាមួយសហរដ្ឋអាមេរិកនោះទេ រហូតដល់ប្រទេសនេះចាត់វិធានការប្រកបដោយអត្ថន័យ»។ គណនីនោះបានបន្ថែមថា តាមទស្សនៈនៃការចរចា សហរដ្ឋអាមេរិក «ច្បាស់ណាស់ គឺជាភាគីដែលមានការព្រួយបារម្ភខ្លាំងជាង នៅពេលនេះ» ដោយលើកឡើងពីសម្ពាធដែលរដ្ឋបាលរបស់លោក Trump ប្រឈមជាមួយយ៉ាងច្រើន៕
