ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ដែរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មន្រ្ដីគ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តគោលការត្រួតពិនិត្យការនាំចេញផលិតផល ឬទំនិញពីកម្ពុជា ទៅក្រៅប្រទេសឱ្យបានសុក្រឹតជៀងវាងមានការចោទប្រកាន់លើការនាំចេញផលិតផលរបស់កម្ពុជាទៅក្រៅប្រទេស។
សម្តេចនាយករដ្ឋមន្រ្ដី បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញមកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃដើម្បីបានរួចពន្ធ។ សម្តេចបានលើកបង្ហាញទិន្នន័យដែលបានស្រាវជ្រាវថា ឆ្នាំ២០២៤ អាមេរិកមានឱនភាពពាណិជ្ជកម្ម (នាំចេញតិច នាំចូលច្រើន) ជាមួយប្រទេសជាង ១០០ប្រទេស។ ចំណែកប្រទេសចិន មានអតិរេក ១៥០ ប្រទេសនាំចេញចេញច្រើន នាំចូលតិច ជាពិសេសនាំចេញផលិតផលសម្រេច និងវត្ថុធាតុដើមច្រើន។ រីឯ អាមេរិកនាំចូលច្រើន ព្រោះអាមេរិក ចំណាយលើការទិញច្រើន ខណៈចិនផ្អែកលើការផលិត និងនាំចេញ។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យអនុវត្តនូវវិធានការសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ក្រសួងបានជូនដំណឹងដល់ ផលិតករ និងអ្នកនាំចេញមិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា