អ៊ីស្រាអែល បានិយាយថា ពួកគេបានបើកការវាយប្រហារលើគោលដៅរបស់ក្រុមជ្រុលនិយមនៅប្រទេសស៊ីរីដែលវាយប្រហារសហគមន៍ជនជាតិភាគតិច Druze បន្ទាប់ពីពួកគេសន្យាការពារជនជាតិភាគតិចមួយនេះ ខណៈអំពើហិង្សានិកាយសាសនាស្លាប់មនុស្ស បានរីករាលកាន់តែខ្លាំងនៅតំបន់ជាយក្រុង Sahnaya ស្ថិតនៅជិតទីក្រុងដាម៉ាស់កាលពីថ្ងៃពុធ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស៊ីរី បានច្រានចោលគ្រប់ទម្រង់ទាំងអស់នៃការធ្វើអន្តរាគមន៍បរទេសលើកិច្ចការផ្ទៃក្នុងស៊ីរី ដោយពួកគេពុំបានអះអាងពីអ៊ីស្រាអែលនោះទេ ហើយនិងបានប្រកាសការប្តេជ្ញាចិត្តរបស់ស៊ីរី ក្នុងការការពារក្រុមជនជាតិភាគតិចស៊ីរីទាំងអស់ រួមទាំងក្រុមនិកាយ Druze ផងដែរ ។
លោក Amer al-Sheikh គឺជាអភិបាលក្រុង Sahnaya និយាយថា អាវុធត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋ ហើយកិច្ចព្រមព្រៀងបានឈានដល់ជាមួយក្រុមមេដឹកនាំក្នុងស្រុកនៅតំបន់ជាយក្រុង Sahnaya ។
លោកនិយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រងដាម៉ាស់ថា បើសិនជាមិនធ្វើបែបហ្នឹងទេនោះ អាវុធនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមឧក្រិដ្ឋជន ហើយពួកយើងនឹងវិលត្រឡប់ទៅរកបញ្ហាតែមួយដូចកាលពីមុន ។
ប្រភពសន្តិសុខ និយាយថា កងកម្លាំងសន្តិសុខរបស់ក្រសួងមហាផ្ទៃស៊ីរីរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅក្នុង និងជុំវិញតំបន់ជាយក្រុង Sahnaya បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយក្រុមមេដឹកនាំនិកាយ Druze ។
ប្រជាពលរដ្ឋនិយាយថា ស្ថានភាពស្ងប់ស្ងាត់ជាងមុន ក្រោយការប្រយុទ្ធគ្នាដ៏តានតឹង ប៉ុន្តែសំឡេងផ្ទុះអាវុធម្តងម្កាលនៅតែកើតឡើង ។
អំពើហិង្សានិកាយសាសនា បានចាប់ផ្តើមកើតមានកាលពីថ្ងៃអង្គារ ដោយមានការប៉ះទង្គិចគ្នារវាងក្រុមខ្មាន់កាំភ្លើងនិកាយ Druze និងនិកាយ Sunni នៅតំបន់ជាយក្រុង Jaramana ។
អំពើហិង្សានេះ បង្កឡើងដោយសារពាក្យបណ្តាសាជាសំឡេងលើព្យាការី Mohammad ដែលក្រុមជីវពលនិកាយ Sunni សង្ស័យថា បង្កើតឡើងដោយក្រុមនិកាយ Druze ។
មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ មុនពេលអំពើហិង្សារីករាលដាលដល់ទីក្រុង Sahnaya កាលពីថ្ងៃពុធ ៕