អ្នកចរចាមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការចរចាពាណិជ្ជកម្មជុំទីពីរនៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ការពិភាក្សា គឺផ្តោតទៅលើការរឹតត្បិតដែលបានស្នើឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើការនាំចូលពីប្រទេសជប៉ុន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Akazawa Ryosei បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent។ រដ្ឋមន្ត្រីទាំងពីរ ត្រូវបានចូលរួមដោយបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត។ ការចរចាជុំលើកនេះ មានតែមន្ត្រីថ្នាក់គណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។

លោក Akazawa ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានការពិនិត្យឡើងវិញលើវិធានការដំឡើងពន្ធរបស់លោក Trump ដោយនិយាយថាកំពុងមានផលប៉ះពាល់រួចទៅហើយលើឧស្សាហកម្មរបស់ប្រទេសជប៉ុន រួមទាំងវិស័យយានយន្តផងដែរ។ លោកក៏បានសង្កត់ធ្ងន់លើចំណុចដែលការវិនិយោគរបស់ប្រទេសជប៉ុនផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក តាមរយៈការបង្កើតការងារ និងរួមចំណែកដល់កំណើនក្នុងស្រុក។
លោក Akazawa បានទទួលដំណឹងពីការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីបង្កើនការនាំចូលរថយន្ត និងផលិតផលកសិកម្មរបស់អាមេរិក។ លោកនឹងពន្យល់ពីជំហររបស់ប្រទេសជប៉ុន ខណៈកំពុងតាមដានយ៉ាងដិតដល់ពីរបៀបដែលអ្នកចរចាររបស់អាមេរិកឆ្លើយតប។