អាជ្ញាធរបាននិយាយថា កម្ទេចកម្ទីដែកមុតស្រួចប្រមាណ ៧៥០គីឡូក្រាម បានធ្លាក់ចេញពីរថយន្តដឹកទំនិញមួយគ្រឿង ពាសពេញផ្លូវហាយវ៉េដ៏មមាញឹកបំផុតមួយរបស់ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃសុក្រ (០២ ឧសភា) នេះ ដោយបង្ខំឱ្យគន្លងផ្លូវនានាក្នុងទីក្រុងត្រូវបិទ បង្កការខូចខាតដល់យានយន្តរាប់រយគ្រឿង និងបង្កើតចលាចលចរាចរណ៍ពាសពេញដងផ្លូវ។
នគរបាលរដ្ឋ New South Wales បាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅលើផ្លូវហាវ៉េ M1 Pacific Motorway នៅព្រឹកព្រលឹម ដោយពន្ដាលឱ្យរថយន្តជាង ៣០០គ្រឿង ខូចខាតសំបកកង់។ ផ្លូវ M1 ដែលជាបណ្ដាញដឹកជញ្ជូនទំនិញ និងធ្វើដំណើរទៅភាគខាងជើងនៃទីក្រុងស៊ីដនី នៅតែបិទមួយផ្នែក ខណៈសេវាសង្គ្រោះបន្ទាន់កំពុងសម្អាតកម្ទេចកម្ទី។
លោក Howard Collins ប្រមុខបញ្ជាការល្បាតផ្លូវហាយវ៉េរបស់រដ្ឋបាននិយាយថា រថយន្តដឹកទំនិញបានធ្វើដំណើរជាង ៣០គីឡូម៉ែត្រ មុនពេលការលេចធ្លាយកម្ទេចដែកត្រូវបានប្រទះឃើញ។ ក្រុមហ៊ុនដឹកជញ្ជូន NJ Ashton ដែលកាន់កាប់រថយន្តដឹកទំនិញនោះ បានសូមអភ័យទោសចំពោះឧបទ្ទវហេតុនេះ ហើយនិយាយថា ខ្លួនកំពុងជួយក្នុងកិច្ចខិតខំប្រឹងប្រែងសម្អាត៕