រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែឧសភា) បាននិយាយថា សហភាពអឺរ៉ុប (EU) កំពុងរៀបចំការដាក់ទណ្ឌកម្មជុំទី១៧ ចំពោះរុស្ស៊ី ដោយស្របតាមការជំរុញទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសម្ពាធលើទីក្រុងមូស្គូ។
ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP លោក Barrot បានពណ៌នាអំពីលោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ជា «ឧបសគ្គតែមួយគត់ ចំពោះសន្តិភាពនាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសអ៊ុយក្រែន»។

លោក Barrot បាននិយាយថា៖ «ពួកយើង ដែលជាប្រជាជាតិអឺរ៉ុប នឹងចូលរួមជាមួយគំនិតផ្តួចផ្តើម (ទណ្ឌកម្ម) របស់អាមេរិក ដោយការចេញកញ្ចប់ទណ្ឌកម្មទី១៧ ហើយខ្ញុំបានប្តេជ្ញាទៅកាន់ (ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក) លោក Lindsey Graham ថា យើងនឹងព្យាយាមសម្របសម្រួលទាំងវិធានការ និងពេលវេលាជាក់ស្ដែង ដើម្បីឲ្យកញ្ចប់ទណ្ឌកម្មទាំង ២ ស្របគ្នា»។
លោក Barrot បានប្រៀបធៀបពីភាពផ្ទុយគ្នានៃជំហានការទូតថ្មីៗរបស់អ៊ុយក្រែន ជាមួយនឹងភាពមិនប្រែប្រួលរបស់ទីក្រុងមូស្គូ។ លោកបាននិយាយថា អ៊ុយក្រែន «បានទទួលយកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយប្រទេសនេះបានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀង ស្តីពីរ៉ែដ៏សំខាន់ៗជាមួយសហរដ្ឋអាមេរិក»។
ហើយតាមរយៈសារព័ត៌មាន AFP ដដែលនោះ លោក Barrot បានសង្កត់ធ្ងន់ថា៖ «ទន្ទឹមនឹងនោះ រុស្ស៊ីរបស់លោក Vladimir Putin មិនបានប្រឹងប្រែងអ្វីឡើយ មិនបានបញ្ជូនសញ្ញាណាមួយដែលថា ខ្លួនត្រៀមរួចជាស្រេច សម្រាប់បទឈប់បាញ់ ឬសន្តិភាពដែលប្រធានាធិបតី លោក Donald Trump ប្រាថ្នាចង់បាននោះ ហើយអឺរ៉ុប និងអ៊ុយក្រែនក៏ដូចគ្នា សុទ្ធតែចង់ឃើញភ្លើងសង្គ្រាមត្រូវបានពន្លត់»៕


