រដ្ឋមន្ត្រីប្រចាំរដ្ឋធានីជាតិញូវដេលីរបស់ប្រទេសឥណ្ឌា បាននិយាយថា សមាជិក ៤នាក់នៃគ្រួសារមួយ បានបាត់បង់ជីវិត ក្នុងអំឡុងពេលមានព្យុះផ្គររន្ទះ នៅក្នុងទីក្រុងញូវដេលី នាថ្ងៃសុក្រ (ទី២ ខែមឧសភា) នេះ បន្ទាប់ពីដើមឈើមួយដើម បានរលំសង្កត់លើបន្ទប់របស់ពួកគេ នៅពេលកំពុងដេកលង់លក់ ហើយមនុស្សម្នាក់បានរងរបួស។
គួរបញ្ជាក់ថា យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឲ្យដឹងថា ទីក្រុងនេះបានជួបប្រទះនឹងខ្យល់បក់ក្នុងល្បឿនចន្លោះពី ៧០-១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង រួមជាមួយនឹងការមានផ្លេកបន្ទោរ និងភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងខែឧសភា ចាប់តាំងពីឆ្នាំ២០២១ មក។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X រដ្ឋមន្រ្តីប្រចាំរដ្ឋ លោកស្រី Rekha Gupta បានឲ្យដឹងថា៖ «សេចក្ដីណែនាំត្រូវបានផ្តល់ឲ្យរដ្ឋបាលតំបន់ ដើម្បីផ្តល់ជំនួយចាំបាច់ទាំងអស់ (ដល់គ្រួសារដែលរងផលប៉ះពាល់) ជាបន្ទាន់»។
ជាមួយគ្នានេះ ប្រតិបត្តិការហោះហើរ នៅតាមអាកាសយានដ្ឋានរបស់ទីក្រុង ក៏ត្រូវបានរំខានផងដែរ ដោយសារមើលឃើញមិនសូវច្បាស់ និងលិចទឹក ខណៈដែលសេវារថភ្លើងក្រោមដី ត្រូវបានពន្យារពេល ហើយបញ្ហាស្ទះចរាចរណ៍ត្រូវបានបានរាយការណ៍ឲ្យដឹងនៅកន្លែងជាច្រើន៕