ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃអាទិត្យនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានអង្កេតរោងចក្រផលិតរថក្រោះដ៏សំខាន់មួយកន្លែង និងបានកោតសរសើរដល់វឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងបច្ចេកវិទ្យាស្នូលនៃរថក្រោះរចនាបទកូរ៉េ ។
រូបថតសន្លឹកបញ្ចេញដោយ KCNA នៅថ្ងៃអាទិត្យ ឃើញលោក Kim ដើរទស្សនារោងចក្រផលិតរថក្រោះ នៅទីតាំងពុំបានបញ្ជាក់ ជាមួយក្រុមមន្រ្តីជាច្រើននាក់ ។ KCNA ពុំបានបញ្ជាក់ពីកាលបរិច្ឆេតនៃដំណើរទស្សនកិច្ចមួយនេះឡើយ ។

លោក Kimនិយាយថា ការផលិតរថក្រោះទំនើប និងរថពាសដែក គឺសំខាន់ក្នុងការធ្វើទំនើបកម្មកងទ័ព និងឈានដល់ផែនការរបស់គណបក្សកាន់អំណាច សម្រាប់បដិវត្តន៍ទី ២ក្នុងកងកម្លាំងប្រដាប់អាវុធ ។
ដំណើរទស្សនកិច្ចរបស់លោក Kim បានកើតមានឡើង ស្របពេលការជំរុញកាន់តែខ្លាំងជាងមុនលើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ថែមពីលើកាំភ្លើងធំនុយក្លេអ៊ែរ និងកាំភ្លើងធំមីស៊ីល ។
កាលពីពេលថ្មីៗនេះដែរ មេដឹកនាំកូរ៉េខាងជើង បានចូលរួមពិធីដាក់ឲ្យប្រើប្រាស់នាវាចម្បាំងកងទ័ពជើងទឹកថ្មី និងការធ្វើតេស្តយានដ្រូនថ្មីនៅក្នុងចំណោមអាវុធជាច្រើនទៀត ។
ក្រុមមន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និយាយថា ពួកគេសង្ស័យកូរ៉េខាងជើងទទួលបានជំនួយបច្ចេកទេស និងយោធាពីរុស្ស៊ី ជាការដោះដូរនឹងការបញ្ជូនគ្រាប់រំសេវ មីស៊ីល និងទាហានរបស់ពួកគេ សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែពុំមានសេចក្តីលម្អិតណាមួយ ត្រូវបានបញ្ជាក់នោះទេ ៕


