មន្ត្រីក្រុងបាននិយាយថា មនុស្សជាង ២លាននាក់ បានសម្រុកទៅចូលរួមទស្សនាការប្រគុំតន្ត្រីដោយឥតគិតថ្លៃរបស់តារាចម្រៀងស្រី Lady Gaga នៅលើឆ្នេរ Copacabana ក្នុងទីក្រុង Rio de Janeiro របស់ប្រេស៊ីល។ អាជ្ញាធរក្រុងជាអ្នកចេញថ្លៃចំណាយលើការប្រគុំតន្ត្រីដ៏ធំបំផុតមិនធ្លាប់មានរបស់តារាប៉ុបរូបនេះ ក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុង Rio មានភាពរស់រវើកឡើងវិញ។

ពួកគេរំពឹងថា ព្រឹត្តិការណ៍នេះអាចនាំមកនូវទឹកប្រាក់ ១០០លានដុល្លារ ដល់សេដ្ឋកិច្ចក្នុងស្រុក។ ការប្រគុំតន្ត្រីនៅថ្ងៃសៅរ៍ (០៣ ឧសភា) នោះ គឺជាផ្នែកមួយនៃដំណើរទេសចរណ៍ផ្សព្វផ្សាយចម្រៀងសម្រាប់អាល់ប៊ុមទីប្រាំបីរបស់ Lady Gaga ឈ្មោះថា Mayhem។ ការប្រគុំតន្រ្តីលើកចុងក្រោយរបស់តារាស្រីរូបនេះនៅប្រេស៊ីល កើតឡើងកាលឆ្នាំ២០១២។
អ្នកគាំទ្របានធ្វើដំណើរមកពីទូទាំងប្រទេសដើម្បីទស្សនាព្រឹត្តិការណ៍នេះ។ ប្រតិបត្តិការសន្តិសុខដ៏ធំមួយបានធ្វើឡើង ដោយមានមន្ត្រីនគរបាលចំនួន ៥.០០០នាក់ បំពេញកាតព្វកិច្ច និងអ្នកចូលរួមត្រូវឆ្លងកាត់ឧបករណ៍ពិនិត្យសុវត្ថិភាពដើម្បីធានាសន្តិសុខក្នុងការប្រគុំតន្រ្តី៕

