ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យបាននិយាយថា សហរដ្ឋអាមេរិកកំពុងជួបជាមួយប្រទេសជាច្រើន រួមទាំងប្រទេសចិនផងដែរ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយអាទិភាពចម្បងរបស់លោកជាមួយប្រទេសចិនគឺការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មស្មើភាព។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា លោកមិនមានគម្រោងនិយាយជាមួយប្រធានាធិបតីចិន Xi Jinping ក្នុងសប្តាហ៍នេះទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិកកំពុងនិយាយជាមួយមន្ត្រីចិនអំពីរឿងផ្សេងៗគ្នា។
នៅពេលសួរថាតើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយ នឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះឬទេ លោក Trump បាននិយាយថាអាចមានរឿងល្អច្រើន ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ។
ក្រុមមន្ត្រីជាន់ខ្ពស់របស់លោក Trump បានចូលរួមក្នុងកិច្ចប្រជុំដ៏ច្របូកច្របល់ជាមួយដៃគូពាណិជ្ជកម្មចាប់តាំងពីប្រធានាធិបតីកាលពីថ្ងៃទី២ ខែមេសា បានដំឡើងពន្ធ១០% លើប្រទេសភាគច្រើន រួមជាមួយនឹងអត្រាពន្ធខ្ពស់សម្រាប់ដៃគូពាណិជ្ជកម្មជាច្រើនដែលបន្ទាប់មកត្រូវបានផ្អាករយៈពេល៩០ ថ្ងៃ។លោកក៏បានដំឡើងពន្ធ ២៥% លើរថយន្ត ដែកថែប និងអាលុយមីញ៉ូម ការដំឡើងពន្ធ២៥% លើកាណាដា និងម៉ិកស៊ិក និងពន្ធ ១៤៥% លើប្រទេសចិន ផងដែរ។
លោក Trump បានបញ្ចេញសំឡេងកាន់តែជឿជាក់អំពីប្រទេសចិន និងទស្សនវិស័យសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News ដែលត្រូវបានថតកាលពីថ្ងៃសុក្រ និងចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕