ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស បាននិយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បានប្រហារជីវិតមនុស្សជាច្រើន ដែលត្រូវចោទប្រកាន់ថាលួចប្លន់ជំនួយ បន្ទាប់ពីឧប្បត្តិហេតុទាក់ទងនឹងក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់បានវាយប្រហារលើហាងលក់អាហារ និងផ្ទះបាយសហគមន៍នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងសប្តាហ៍នេះ។
មន្ត្រីក្រុមហាម៉ាស បានចោទអ្នកលួចមួយចំនួនថាធ្វើសកម្មភាពនេះដោយសហការជាមួយអ៊ីស្រាអែល ដែលបានបិទជំនួយមិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាអស់រយៈពេលពីរខែកន្លងមក ប៉ុន្តែអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។
លោក Ismail Al-Thawabta នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៃតំបន់ហ្កាហ្សា បាននិយាយថា អ្នកលួចមួយចំនួនបានធ្វើសកម្មភាពនៅក្រោមក្រុមឆ័ត្រមួយ ហើយខ្លះទៀតដើរតួជាក្រុមមានអង្គការចាត់តាំង ដោយចោទថា អ្នកខ្លះទទួលបានការគាំទ្រដោយផ្ទាល់ពីអ៊ីស្រាអែល។ លោកបន្តថា "ការកាត់ទោសប្រហារជីវិតដោយបដិវត្តន៍" មួយចំនួន ត្រូវអនុវត្តប្រឆាំងនឹង "ឧក្រិដ្ឋជនជាច្រើននាក់" ដែលបង្ហាញថាបានជាប់ពាក់ព័ន្ធក្នុងការលួចជំនួយ។
មន្ត្រីអង្គការសហប្រជាជាតិ បានព្រមានអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ កំពុងកើតមាននៅតំបន់ហ្កាហ្សា ខណៈរងការបំផ្លិចបំផ្លាញដោយយុទ្ធនាការសឹករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕