ក្រុមឧទ្ទាមហ៊ូធីយេម៉ែន និយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងបិទដែនអាកាសគ្រប់ជ្រុងជ្រោយលើអ៊ីស្រាអែល តាមរយៈមានគោលដៅម្តងហើយម្តងទៀតលើអាកាសយានដ្ឋានរបស់ប្រទេសមួយនេះ ជាការឆ្លើយតបនឹងការពង្រីកប្រតិបត្តិការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
មីស៊ីល ១គ្រាប់បាញ់ដោយក្រុមឧទ្ទាមហ៊ូធីឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសមួយនេះ បណ្តាលឲ្យមានភាពស្លន់ស្លោនៅក្នុងចំណោមអ្នកដំណើរ និងធ្វើឲ្យមានការគំរាមសងសឹកប្រឆាំងក្រុមឧទ្ទាមហ៊ូធី និងប្រទេសអ៊ីរ៉ង់ ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសទទួលស្គាល់ការវាយប្រហារមីស៊ីលនេះ ដែលបានធ្លាក់នៅជិតអាកាសយានដ្ឋាន Ben Gurion និងជាការវាយប្រហារចុងក្រោយមួយក្នុងចំណោមការវាយប្រហារជាច្រើនទៀត ដែលពួកគេអះអាងថា ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ។
ក្រុមអាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល និយាយថា ប្រតិបត្តិការធម្មតាបានចាប់ផ្តើមវិញហើយ ក្រោយសេចក្តីរាយការណ៍ថាការចរាចរណ៍ផ្លូវអាកាស និងផ្លូវចូលទៅកាន់អាកាសយានដ្ឋានត្រូវបានបិទ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Lufthansa, Delta, ITA Airways និងក្រុមហ៊ុនអាកាសចរណ៍ Air France និយាយថា ពួកគេបានលុបចោលជើងហោះហើរចេញចូលទីក្រុងតែល អាវីវ ហើយជើងហោះហើរមួយចំនួន ត្រូវបានកំណត់ឡើងវិញសម្រាប់ថ្ងៃចន្ទ ឬថ្ងៃអង្គារ ៕