តម្លៃប្រេងធ្លាក់ចុះជាង ១ភាគរយនៅថ្ងៃចន្ទនេះ ក្រោយក្រុមប្រទេសផលិតប្រេង OPEC+ សម្រេចចិត្តកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីបង្កើនបន្ថែមទៀតទិន្នផលផលិត ជំរុញឲ្យមានការព្រួយបារម្ភពីការផ្គត់ផ្គង់កាន់តែច្រើនចូលក្នុងទីផ្សារដែលគ្របដណ្តប់ដោយទស្សនវិស័យតម្រូវការមិនច្បាស់លាស់រួចទៅហើយនោះ ។
អនាគតប្រេងឆៅ បានធ្លាក់ចុះ ៧០សេន ឬស្មើនឹង ១,១៤ភាគរយ មកនៅត្រឹម ៦០,៥៩ដុល្លារ ក្នុង ១បារ៉ែល នៅវេលាម៉ោង ១១ និង ៣១នាទី ម៉ោងសកលថ្ងៃចន្ទ ខណៈប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៥៧,៥៤ដុល្លារ ក្នុង ១បារ៉ែល ពោលគឺធ្លាក់ចុះ ៧៥សេន ឬស្មើនឹង ១,២៩ភាគរយ ។
គួរឲ្យដឹងថា ក្រុមប្រទេស OPEC+ បានយល់ព្រមបង្កើនការផលិតប្រេងឆៅរបស់ខ្លួនសម្រាប់រយៈពេល ២ខែជាប់ៗគ្នា ដំឡើងទិន្នផលក្នុងខែមិថុនាចំនួន ៤១១.០០០បារ៉ែលក្នុង ១ថ្ងៃ ។
ការបង្កើនទិន្នផលផលិតពីប្រទេសផលិតប្រេងចំនួន ៨នៅក្នុងក្រុមប្រទេស OPEC+ នឹងធ្វើឲ្យទិន្នផលផលិតប្រេងរួមគ្នាសម្រាប់ខែមេសា ឧសភា និងខែមិថុនា ដល់ ៩៦០.០០០បារ៉ែល ក្នុង ១ថ្ងៃ ដែលស្មើនឹង ៤៤ភាគរយនៃការកាត់បន្ថយការផលិតប្រេងឆៅ ២,២លានបារ៉ែលក្នុង ១ថ្ងៃ ដែលពួកគេបានព្រមព្រៀងគ្នា ចាប់តាំងពីឆ្នាំ ២០២២រហូតមក ៕