ការស្ទង់មតិរបស់រដ្ឋាភិបាលថ្មីៗនេះបានបង្ហាញថា អ្នកទេសចរជាច្រើនទៅកាន់ប្រទេសជប៉ុន បានលើកឡើងពីការមិនមានធុងសំរាមគ្រប់គ្រាន់នៅតាមទីសាធារណៈ រួមទាំងនៅស្ថានីយ៍រថភ្លើង ថាជារឿងរអាក់រអួល និងខកចិត្តដ៏ធំបំផុតក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។

យោងតាមទីភ្នាក់ងារទេសចរណ៍ជប៉ុន JTA បញ្ហានេះត្រូវបានលើកឡើងដោយមនុស្ស ២១,៩% នៃភ្ញៀវទេសចរបរទេសជាង ៤.០០០នាក់ ដែលបានស្ទង់មតិនៅអាកាសយានដ្ឋានសំខាន់ៗចំនួន៥ ចន្លោះខែធ្នូ ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ នៅក្នុងប្រទេសជប៉ុន ដោយរឿងនេះជារឿងធុញទ្រាន់ចម្បងរបស់ពួកគេ។

អ្នកជំនាញនិយាយថា ជប៉ុនធ្លាប់មានធុងសំរាមច្រើនណាស់នៅកន្លែងសាធារណៈ ប៉ុន្តែភាគច្រើនត្រូវដកចេញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មួយផ្នែកដោយសារតែក្ដីបារម្ភពីសុវត្ថិភាព បន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងប្រទេស ដូចជាការវាយប្រហារដោយឧស្ម័នក្នុងរថភ្លើងក្រោមដីទីក្រុងតូក្យូឆ្នាំ១៩៩៥ និងនៅក្រៅប្រទេស រួមទាំងការទម្លាក់គ្រាប់បែកលើរថភ្លើង Madrid ឆ្នាំ២០០៤ ផងដែរ។

យ៉ាងណាក៏ដោយ ជាមួយនឹងកង្វះធុងសំរាមភាគច្រើននៅតាមទីសាធារណៈ ការចោលសំរាមនៅតាមកន្លែងទេសចរណ៍បានក្លាយជាក្តីកង្វល់ និងរឿងធុញទ្រាន់ដ៏ធំរបស់សាធារណជន ជាពិសេសភ្ញៀវទេសចរ ដោយអ្នកឆ្លើយសំណួរស្ទង់មតិជាច្រើនបាននិយាយថា ពួកគេត្រូវបង្ខំចិត្តយកសំរាមទៅចោលនៅកន្លែងស្នាក់នៅវិញ ព្រោះមិនឃើញធុងសម្រាមនៅតាមផ្លូវ៕