នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានទៅទស្សនកិច្ចនៅសេតវិមាន កាលពីថ្ងៃអង្គារ (០៦ ឧសភា) សម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយលោកប្រធានាធិបតី Donald Trump ហើយបានប្រាប់មេដឹកនាំអាមេរិករូបនេះដោយត្រង់ៗថា ប្រទេសកាណាដា នឹងមិនក្លាយជារបស់សម្រាប់លក់ដូរឡើយ។
លោក Carney ដែលបានឈ្នះឆ្នោតកាលពីថ្ងៃទី២៨ ខែមេសា លើការសន្យាថានឹងរុញច្រានប្រឆាំងពន្ធរបស់សហរដ្ឋអាមេរិក រួមទាំងគំនិតនៃការដាក់បញ្ចូលទឹកដីនោះ ក៏បាននិយាយថា លោកបានស្នើឱ្យលោក Trump បញ្ឈប់ការនិយាយជាសាធារណៈដោយហៅប្រទេសកាណាដា ថាជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកទៀតទៅ ហើយក៏មិនទាន់មានការសម្រេចចិត្តណាមួយធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការដំឡើងពន្ធរវាងអ្នកជិតខាងទាំងពីរនេះទេ។
សរុបមក លោក Carney បានចាត់ទុកកិច្ចប្រជុំនេះថាមានលក្ខណៈស្ថាបនា ហើយបាននិយាយថា ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាយ៉ាងម៉ឺងម៉ាត់លើទំនាក់ទំនងថ្មីមួយ ដែលលោកទទូចថា ចាំបាច់ត្រូវកើតមានដោយសារតែការដំឡើងពន្ធ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះគឺ "ល្អខ្លាំងណាស់" ហើយបញ្ជាក់ថា រូបលោក និងលោក Carney ចុះសម្រុងគ្នា។
ទោះបីជាលោក Carney បានរិះគន់សកម្មភាពរបស់លោក Trump ម្តងហើយម្តងទៀតក៏ដោយ ក៏មេដឹកនាំទាំងពីរបានបង្ហាញពីភាពរកាំរកូសតិចតួចណាស់ក្នុងអំឡុងពេលកកិច្ចប្រជុំនៅការិយាល័យ Oval Office ដោយប្រមុខដឹកនាំទាំងពីរបានសរសើរគ្នាទៅមកនៅចំពោះមុខអ្នកសារព័ត៌មាន មុនពេលជួបពិភាក្សាជាលក្ខណៈឯកជន៕