ក្រុមប្រឹក្សាការពារជាតិ ដែលមានទំនាក់ទំនងនឹងកងទ័ពស៊ូដង់ បានប្រកាសកាលពីថ្ងៃអង្គារ (០៦ ឧសភា) ថា ប្រទេសស៊ូដង់ នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអេមីរ៉ាតអារ៉ាប់រួម បន្ទាប់ពីការចោទប្រកាន់របស់កងទ័ពស៊ូដង់ ដែលថាទីក្រុងអាប៊ុយដាប៊ី គាំទ្រគូប្រជែងកងកម្លាំងគាំទ្ររហ័ស RSF នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស។

ក្រុមប្រឹក្សាការពារជាតិនេះបានចោទប្រកាន់អារ៉ាប់រួម ថាបានផ្គត់ផ្គង់ឱ្យកងកម្លាំង RSF នូវអាវុធយុទ្ធសាស្ត្រទំនើបៗ ដែលអាចបង្កការវាយប្រហារបំផ្លាញគ្រឿងបរិក្ខារនានាក្នុងទីក្រុងកំពង់ផែ Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក ដែលជាការកើនឡើងដ៏ធំមួយនៅក្នុងជម្លោះអាយុកាលពីរឆ្នាំនេះ។

អារ៉ាប់រួមបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់បែបនេះ។ កងទ័ពស៊ូដង់ បានចោទអារ៉ាប់រួមជាយូរមកហើយថាបានបំពាក់អាវុធដល់កងកម្លាំង RSF ហើយទីក្រុងអាប៊ុយដាប៊ីក៏តែងតែបដិសេធ ប៉ុន្តែអ្នកជំនាញមួយចំនួនរបស់អង្គការសហប្រជាជាតិ និងសមាជិកសភាអាមេរិ បានរកឃើញថាការចោទប្រកាន់នោះគួរឱ្យទុកចិត្ត ដោយបានលើកឡើងពីភស្តុតាងនៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សស្តីពីការផ្គត់ផ្គង់អាវុធ៕
