ក្រោយពេលដែលឥណ្ឌា បើកការវាយប្រហារលើអ្វីដែលខ្លួនហៅថាជាជំរំភេរវករជាច្រើនកន្លែងនៅប៉ាគីស្ថាន និងព្រមទាំងតំបន់កាស្មៀរ ដែលប៉ាគីស្ថានកាន់កាប់ នៅព្រឹកថ្ងៃពុធ ០៧ ឧសភា នេះមក បណ្ដាមេដឹកនាំសកលលោកបានប្រតិកម្មភ្លាមៗចម្រុះគ្នាដោយភាគច្រើនបានបង្ហាញក្ដីបារម្ភ និងអំពាវនាវឱ្យបញ្ចប់ភាពតានតឹងដ៏គ្រោះថ្នាក់នេះ។
សហរដ្ឋអាមេរិក ប្រតិកម្មទៅនឹងស្ថានការណ៍នេះ ដោយលោកប្រធានាធិបតីអាមេរិក Donald Trump បានហៅថាជារឿងដ៏អាម៉ាស់ ហើយសង្ឃឹមថា ជម្លោះនឹងបញ្ចប់ឆាប់រហ័ស។ ចិនសម្តែងក្ដីបារម្ភ ដោយជំរុញឱ្យឥណ្ឌា និងប៉ាគីស្ថាន បង្ហាញការអត់ធ្មត់ជាការឆ្លើយតបទៅនឹងភាពតានតឹងដ៏ក្ដៅគគុករវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ចំណែកអ៊ីស្រាអែល បានគាំទ្រ 'សិទ្ធិរបស់ឥណ្ឌាក្នុងការការពារខ្លួន' បន្ទាប់ពីការវាយប្រហារដោយមីស៊ីលលើប៉ាគីស្ថាន ដោយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំឥណ្ឌា បានបង្ហោះសារឈរខាងទីក្រុងដេលី លើបណ្ដាញសង្គម។ អង្គការសហប្រជាជាតិបានលើកឡើងជាថ្មីពីកង្វល់របស់ខ្លួន ខណៈដែលអំពាវនាវឱ្យមានការអត់ធ្មត់យោធាជាអតិបរមា។
ទន្ទឹមនឹងនោះ ប្រទេសជាច្រើនទៀត រួមទាំងជប៉ុន និងអេមីរ៉ាត់អារ៉ាប់រួម ក៏ព្រួយបារម្ភ និងបានស្នើឱ្យឥណ្ឌា និងប៉ាគីស្ថាន "អនុវត្តការអត់ធ្មត់ កាត់បន្ថយភាពតានតឹង និងបញ្ចៀសការកើនឡើងបន្ថែមទៀតនៃជម្លោះ ដែលអាចគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងអន្តរជាតិ"៕