ស្ថានទូតអាមេរិកក្នុងប្រទេសហុងឌូរ៉ាស បានព្រមានពលរដ្ឋអាមេរិកឲ្យជៀសវាងកុំទៅកាន់ទីតាំងមួយចំនួន នៅក្នុងរដ្ឋធានី ដោយសារតែព័ត៌មានដែលខ្លួនបានទទួល ពាក់ព័ន្ធនឹងការគំរាមកំហែងបាញ់ប្រហារទ្រង់ទ្រាយធំ កាលពីថ្ងៃអង្គារ (ទី៦ ខែឧសភា) និងថ្ងៃទី១៦ ឧសភា ដែលជំរុញឲ្យមន្ត្រីហុងឌូរ៉ាសបើកការស៊ើបអង្កេត។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ស្ថានទូតបានឲ្យដឹងថា ទីតាំងគោលដៅចំនួន៣ ដែលបានលើកឡើងនៅក្នុងការគំរាមកំហែងនោះ គឺសាលារៀន មជ្ឈមណ្ឌលពលរដ្ឋ និងផ្សារទំនើបដែលមិនដាក់ឈ្មោះ នៅទីក្រុង Tegucigalpa។
តាមរយៈការបង្ហោះនៅលើបណ្ដាញ X រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Enrique Reina បានឲ្យដឹង ថា ស្ថានទូតបានជូនដំណឹងដល់មន្ត្រីក្នុងតំបន់តាមរយៈបណ្តាញការទូត និងសន្តិសុខដែលស្របគ្នា ដោយបន្ថែមថា ការគំរាមកំហែងទាំងនេះកំពុងត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់។
លោកបានបន្ថែមថា៖ «ចេតនាបង្កើតកង្វល់ និងការភ័យខ្លាច នៅក្នុងចំណោមប្រជាជនហុងឌូរ៉ាស គឺជារឿងគួរឲ្យបារម្ភណាស់ ជាពិសេសនៅក្នុងឆ្នាំបោះឆ្នោត។ ការស៊ើបអង្កេតចាំបាច់ នឹងត្រូវបានធ្វើឡើង ដើម្បីអនុវត្តវិធានការច្បាប់ ចំពោះអ្នកទទួលខុសត្រូវ»៕


