អាជ្ញាធរទួរគីកាលពីថ្ងៃអង្គារ បានឃាត់ខ្លួនជនសង្ស័យចំនួន ២០៨នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹងចលនា Gulen ដែលខ្លួនហៅថា ជាក្រុមភេរវករ និងបានស្តីបន្ទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ ២០១៦។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា ការបង្រ្កាបនៅទូទាំងប្រទេស បានកំណត់គោលដៅបុគ្គលដែលគេសង្ស័យថា បានលួចចូលស្ថាប័នរដ្ឋ និងរក្សាទំនាក់ទំនងជាមួយក្រុមនេះ។

លោកបានបន្តថា ប្រតិបត្តិការ ត្រូវបានធ្វើឡើង ក្នុងពេលដំណាលគ្នា នៅទូទាំងខេត្តចំនួន ៤៧ ដោយមានការសម្របសម្រួលជាមួយស្នងការដ្ឋាននគរបាលខេត្ត និងអាជ្ញាធរយុត្តិធម៌។
លោកបាននិយាយថា៖«នៅក្នុងទីក្រុង Gaziantep រចនាសម្ព័ន្ធបច្ចុប្បន្នរបស់ក្រុមនេះ នៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់នៃខេត្ត Kahramanmaras, Kilis, Sanliurfa និង Adiyaman ក៏ត្រូវបានបង្ក្រាបផងដែរ» ដោយបន្ថែមថា សមាជិកនៃក្រុមភេរវកម្មនេះ ដែលត្រូវបាននាំយកទៅជំរំហ្វឹកហាត់ នៅបរទេស ក៏ត្រូវបានចាប់ខ្លួនផងដែរ។
រដ្ឋមន្ត្រីទួរគីរូបនេះ បានអះអាងថា ក្នុងអំឡុងពេលប្រតិបត្តិការ ឯកសារគ្រប់គ្រង និងសម្ភារៈឌីជីថលជាច្រើន ត្រូវបានរឹបអូស។
ចលនា Gulen ដែលធ្លាប់ដឹកនាំដោយបព្វជិតមូស្លីម លោក Fethullah Gulen ដែលបានទទួលមរណៈភាព ក្នុងខែតុលា ឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលទួរគីថា បានធ្វើជាមេក្លោងការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០១៦ ដែលបានបណ្តាលឲ្យមនុស្សជាង ២៥០នាក់ស្លាប់។
