ការវាយប្រហារដោយទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងឱសថស្ថានរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន [
Medecins Sans Frontieres (MSF)] នៅក្នុងប្រទេសស៊ូដង់ខាងត្បូង កាលពីចុងសប្តាហ៍មុន គឺជាចេតនា និងអាចជាឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការលើកឡើងរបស់គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនេះ។
អង្គការ MSF បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់ ត្រូវបានសម្លាប់ និង ២០ នាក់ទៀត រងរបួស នៅក្នុងស្រុក Fangak នៃប្រទេសស៊ូដង់ខាងត្បូង នៅពេលដែលគ្រាប់បែកមួយគ្រាប់ត្រូវបានទម្លាក់លើឱសថស្ថាន ដោយបង្កបានអគ្គិភ័យឆេះទាំងស្រុង និងធ្វើឲ្យខូចខាតដល់មន្ទីរពេទ្យ បន្ទាប់មកមានការវាយប្រហារដោយយានដ្រូនមួយទៀតទៅលើទីក្រុង Old Fangak ដែលជាទីក្រុងមួយក្នុងតំបន់ Greater Upper Nile ។

ពុំមាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលបានកើតឡើងបន្ទាប់ការវាយលុក តាមអាកាស និងការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ក្នុងប៉ុន្មានខែថ្មីៗនេះ រវាងកងកម្លាំងជាតិ និងកងជីវពលជនជាតិភាគតិចដែលត្រូវបានចោទប្រកាន់ថា ជាសម្ព័ន្ធមិត្តជាមួយអនុប្រធានាធិបតីទី១ លោក Riek Machar។
លោក Yasmin Sooka ប្រធានគណៈកម្មាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«នេះមិនមែនជាឧបទ្ទវហេតុដ៏សោកនាដកម្មនោះទេ។ នេះគឺជាការវាយប្រហារដោយខុសច្បាប់លើមូលដ្ឋានវេជ្ជសាស្ត្រ ដែលត្រូវបានការពារ»។
«ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ MSF នៅក្នុងទីក្រុង Old Fangak គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម»។
