ប្រភពពីរដ្ឋាភិបាល បានប្រាប់សារព័ត៌មាន A P ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) មានបំណងប្រកាសពីការផ្លាស់ប្តូរបទដ្ឋានភាសា នៅក្នុងសហរដ្ឋអាមេរិក និងស្នើឲ្យប្តូរឈ្មោះឈូងសមុទ្រពែក្ស ទៅជាឈូងសមុទ្រអារ៉ាប់។
យោងតាមប្រភពទាំងនោះ បានឲ្យដឹងថា លោក ត្រាំ គ្រោងនឹងបង្ហាញសេចក្តីសម្រេចនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត។ ការប្តូរឈ្មោះនេះ ត្រូវបានជំរុញដោយបណ្តារដ្ឋអារ៉ាប់ខ្លួនឯង។

នេះ គឺមិនមែនជាលើកទី១ទេ ដែលអ្នកគ្រប់គ្រងសេតវិមាន បានស្វែងរកការកែប្រែឈ្មោះភូមិសាស្ត្រ។ កាលពីចុងខែមករា លោក ត្រាំ បានចេញក្រឹត្យមួយ ដោយប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក។ ក្រោយមក អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះភូមិសាស្ត្រ មិនស្ថិតនៅក្នុងសិទ្ធិអំណាចនៃរដ្ឋបុគ្គលណាមួយឡើយ។
នាពេលមុននេះ សេតវិមាន បានបញ្ជាក់ថា លោក ត្រាំ នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ដោយទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសអារ៉ាប់រួម។ យោងតាមគេហទំព័រ Axios មេដឹកនាំអាមេរិករូបនេះ គ្រោងនឹងជួបជាមួយប្រមុខរដ្ឋក្នុងតំបន់ក្នុងអំឡុងពេលស្នាក់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ មេដឹកនាំនៃប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រ - បារ៉ែន កាតា គុយវ៉ែត អារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត អាចចូលរួមក្នុងការជួបជុំនេះ។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើង នៅថ្ងៃទី ១៤ ខែឧសភា។
