ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅទីតាំងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល គ្រោងនឹងបញ្ចប់ការសាងសង់នៅខុងឆ្នាំ ២០២២ខាងមុខ។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ គឺស្ថិតក្រោមការសាងសង់ ដោយសម្រេចបានប្រមាណជាង៤០%ហើយ។
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំក្រសួង បានចុះមកពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌល និងបាននាំមកនូវអំណោយជូនកម្មការកំពុងសាងសង់មួយចំនួនផងដែរ។
ផ្អែកតាមរបាយការណ៍មជ្ឈមណ្ឌលនេះ គឺសម្រចការសាងសង់បានប្រមាណជាង ៤០% ហើយតាមគម្រោងនឹងអាចបញ្ចប់ក្នុងចុងឆ្នាំ២០២២ខាងមុខ។ គម្រោងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា គឺជាគម្រោងដែលផ្ដួចផ្ដើមដោយឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង មានគោលដៅប្រមូលផ្តុំការផ្តល់សេវាជូនជនមានពិការភាព ប្រកបដោយ ស្តង់ដារបច្ចេកទេសខ្ពស់ បម្រើឱ្យវិស័យពិការភាព ស្របតាមតំរូវការរបស់បងប្អូនមានពិការភាព ដែលមានទីតាំងស្ថិត នៅលើផ្ទៃដីទំហំជាង ៦ហិកតា។
គម្រោងសាងសង់ខាងលើនេះ រួមមាន៖ អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលានបាល់ទាត់វេទិកាសាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម អគារដ្ឋបាល រោងចក្រ អគារការិយាល័យ សិប្បកម្ម ផលិតទឹកបរិសុទ្ធ ស្រះទឹក និងសួនកុមារ។
ក្នុងការចុះពិនិត្យគម្រោងខាងលើ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យ បានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។
ជាការកត់សម្គាល់ ការកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិស័យសង្គមកិច្ច បន្ទាប់ពីមជ្ឈមណ្ឌល ថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌលយុវនីតិសម្បទា ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕
អត្ថបទ៖ គឹមហុក







