ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (០៧ ឧសភា) បានស្នើជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន ដែលបានកើនឡើងមិនធូរស្រាល ជាលទ្ធផលនៃការវាយប្រហារភេរវកម្មអ៊ិស្លាមនិយមនាពេលថ្មីៗនេះ ដែលសម្លាប់អ្នកទេសចរ ២៦នាក់ នៅក្នុងតំបន់កាស្មៀរ ដែលឥណ្ឌាគ្រប់គ្រង។

លោក Trump បានអត្ថាធិប្បាយអំពីស្ថានការណ៍នោះ ប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌា និយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារប្រឆាំងនឹងប៉ាគីស្ថាន កាលពីព្រឹកថ្ងៃពុធ ដោយមេដឹកនាំអាមេរិកហៅជម្លោះនេះថាជា "រឿងអាក្រក់ខ្លាំងណាស់"។ លោក Trump បាននិយាយថា "ប្រសិនបើអាចធ្វើអ្វីបានដើម្បីជួយដោះស្រាយ នោះរូបលោកនឹងជួយទប់ភាពតានតឹងនេះ"។

លោកបន្ថែមថា អាមេរិក មានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរ ហើយចង់ឃើញការ "សងសឹកទៅមក" ត្រូវបញ្ឈប់។ លោក Trump កាលពីយប់ថ្ងៃអង្គារ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ឥណ្ឌា និងប៉ាគីស្ថាន បានប្រយុទ្ធគ្នា "យូរមកហើយ" ហើយបានបង្កប់ន័យថា ភាពតានតឹងកើនឡើងនេះអាចត្រូវបានមើលឃើញថា "ផ្អែកលើអតីតកាលបន្តិចបន្តួច"។
គួរឱ្យដឹងថា ប្រទេសជិតខាងទាំងពីរមានប្រវត្តិដ៏ជូរចត់នៃជម្លោះជាយូរមកហើយលើទឹកដីកាស្មៀរនេះ ដោយទាំងឥណ្ឌា និងប៉ាគីស្ថានអះអាងថា តំបន់កាស្មៀរទាំងអស់គឺជាផ្នែកមួយនៃប្រទេសរបស់ពួកគេប្រកបដោយភាពត្រឹមត្រូវ៕
