ការស្ទង់មតិនាពេលថ្មីៗនេះ បានរកឃើញថា ជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងត្បូង កំពុងស្ថិតក្នុងស្ថានភាពនៃការអាក់អន់ចិត្ត ឬតូចចិត្តរ៉ាំរ៉ៃយូរអង្វែង ដោយអ្នកឆ្លើយសំណួរជិត ៧០% និយាយថា ពួកគេជឿថាពិភពលោកអយុត្តិធម៌ខ្លាំងណាស់ ក្នុងសញ្ញាមិនល្អមួយទៀតលើបញ្ហាផ្លូវចិត្តក្នុងចំណោមប្រជាជនស្ទើរទូទាំងសកលលោក។

ការស្ទង់មតិ ដែលធ្វើឡើងដោយមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បង្ហាញថា អ្នកឆ្លើយសំណួរ ៥៤,៩% រកឃើញថាស្ថិតក្នុងស្ថានភាពនៃការអាក់អន់ចិត្តរ៉ាំរ៉ៃ ហើយ ១២,៨% បន្ថែមទៀតនៃអ្នកឆ្លើយតបបង្ហាញពីកម្រិតធ្ងន់ធ្ងរ។ អ្នកដែលកំណត់ខ្លួនឯងថាជាសមាជិកនៃវណ្ណៈសង្គមទាប មានកម្រិតអាក់អន់ចិត្តធ្ងន់បំផុតគឺ ១៦,៥% ប៉ុន្តែសូម្បីតែអ្នកក្នុងចំណោមវណ្ណៈខ្ពស់ក៏មានតួលេខ ១៥% នៃអារម្មណ៍អន់ចិត្តខ្ពស់ដែរ។ អ្នកស្ថិតក្នុងវណ្ណៈកណ្តាលមានអត្រាទាបជាងគេគឺនៅកម្រិត ៩,២% ប៉ុណ្ណោះ។

យោងតាមក្រុមស្រាវជ្រាវ កម្រិតនៃការអាក់អន់ចិត្តបែបនេះទាក់ទងទៅនឹងជំនឿ ដែលថាពិភពលោកមិនយុត្តិធម៌ ឬលម្អៀង ពោលគឺសំដៅលើអារម្មណ៍ខឹងសម្បារ ជូរចត់ និងឈឺចាប់ ដែលស្ថិតស្ថេរ និងយូរអង្វែង ហើយជារឿយៗកើតចេញពីការយល់ឃើញខុស ឬការប្រមាថ។

ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយសំណួរ ពោលគឺ ៤៧,១% និយាយថា ពួកគេជួបប្រទះភាពតានតឹងក្នុងចិត្តធ្ងន់ធ្ងរនៅក្នុងឆ្នាំមុន ដែលប៉ះពាល់ដល់សុខភាពយ៉ាងអាក្រក់។ ប្រភពនៃភាពតានតឹងផ្លូវចិត្តសំខាន់ៗសម្រាប់អ្នកឆ្លើយសំណួរទាំងនោះ រួមមានការលំបាកផ្នែកសុខភាពផ្ទាល់ខ្លួន ឬគ្រួសារ ការផ្លាស់ប្តូរទំនាក់ទំនងសង្គម និងបរិយាកាសនយោបាយជាដើម៕