ឧបនាយករដ្ឋមន្រ្ដីចិន លោក He Lifeng ដែលក៏ជាប្រមុខចរចាផ្នែកសេដ្ឋកិច្ច បញ្ចេញសំឡេងប្រកបដោយទំនុកចិត្ត ខណៈលោករៀបចំដឹកនាំកិច្ចចរចាពាណិជ្ជកម្មបើកផ្លូវដ៏សំខាន់ ជាមួយក្រុមមន្ត្រីអាមេរិក នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដោយនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងដំណើរការល្អ ហើយនឹងបន្តបើកទូលាយដល់ការវិនិយោគបរទេស។

ថ្លែងនៅថ្ងៃពុធក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានអាជ្ញាធរវិនិយោគអាប៊ុយដាប៊ី ក្នុងទីក្រុងប៉េកាំង លោក He បាននិយាយថា "សេដ្ឋកិច្ចរបស់ចិន បានឈានទៅរកការចាប់ផ្តើមដ៏ល្អ ហើយរហូតមកដល់រយៈពេលនេះនៅក្នុងឆ្នាំនេះ ទំនុកចិត្ត និងការរំពឹងទុករបស់សង្គម បានបន្តកើនឡើងកាន់តែខ្ពស់"។

នេះជាសុន្ទរកថាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីទីក្រុងប៉េកាំង បានប្រកាសថាឧបនាយករដ្ឋមន្រ្ដីរូបនេះនឹងដឹកនាំគណៈប្រតិភូចិន ទៅជួបជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្ម លោក Jamieson Greer ក្នុងប្រទេសស្វីស នៅចុងសប្តាហ៍។

កិច្ចពិភាក្សានេះ នឹងក្លាយជាការចរចាពាណិជ្ជកម្មផ្លូវការលើកដំបូងរវាងចិន និងសហរដ្ឋអាមេរិក ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump ចូលកាន់តំណែងឡើងវិញក្នុងខែមករា ដោយពិភពលោកសង្ឈឹមថា កិច្ចប្រជុំនេះនឹងក្លាយជំហានដំបូងឆ្ពោះទៅរកការបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មដែលមិនធ្លាប់មានពីមុនមករវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់សកលលោក៕