ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អាល់ហ្សេរី និងទួរគីកាលពីថ្ងៃពុធ បានជំរុញឲ្យឥណ្ឌា និងប៉ាគីស្ថាន អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង ដែលកំពុងកើនឡើងរបស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei កាលពីថ្ងៃពុធ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនាពេលថ្មីៗនេះ រវាងឥណ្ឌា និងប៉ាគីស្ថាន។ លោកបានអះអាងជាថ្មីនូវគោលជំហរជាគោលការណ៍របស់អ៊ីរ៉ង់ លើការជៀសវាងការប្រើកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ និងគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

លោក Baghaei បានជំរុញឲ្យភាគីទាំងពីរ ដែលជាមិត្តដ៏យូរអង្វែងរបស់អ៊ីរ៉ង់ ឲ្យបន្តការបន្ធូរបន្ថយ តាមរយៈការអត់ធ្មត់ និងទប់ស្កាត់តួអង្គខាងក្រៅ ជាពិសេសអ៊ីស្រាអែល ពីការកេងប្រវ័ញ្ចលើស្ថានភាពនេះ ដើម្បីបង្កភាពតានតឹងបន្ថែមទៀត។
ក្រសួងការបរទេសអេហ្ស៊ីប បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីសម្រេចបាននូវភាពស្ងប់ស្ងាត់ និងបញ្ចប់វិបត្តិ ដោយព្រមានប្រឆាំងនឹងការកើនឡើងភាពតានតឹងបន្ថែមទៀត។
អេហ្ស៊ីបអំពាវនាវឲ្យឥណ្ឌា និងប៉ាគីស្ថានអនុវត្តកម្រិតខ្ពស់បំផុតនៃការអត់ធ្មត់ដោយខ្លួនឯង និងជំរុញការសន្ទនាតាមរយៈបណ្តាញការទូត។
ប្រទេសនេះ ក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការងាកទៅរកដំណោះស្រាយដោយសន្តិវិធី ដែលបំពេញសេចក្តីប្រាថ្នារបស់ប្រទេសទាំងពីរ ជំរុញសន្តិភាព និងស្ថិរភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរីបានសម្តែង «ការសោកស្តាយ និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដ៏សោកនាដកម្មរវាងឥណ្ឌា និងប៉ាគីស្ថាន» ដោយសង្កត់ធ្ងន់ថា អរិភាពនៅពេលយប់រវាងថ្ងៃអង្គារ និងថ្ងៃពុធ បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៅទូទាំងតំបន់ទាំង មូល។
ចំណែកប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) ក្រោយមកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដោយបង្ហាញពីការត្រៀមខ្លួនរបស់ទួរគី ក្នុងការ«ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត រវាងភាគីទាំងពីរ។