តម្លៃប្រេងបានប្រែប្រួលតិចតួចប៉ុណ្ណោះនៅព្រឹកថ្ងៃសុក្រ (០៩ ឧសភា) នេះ បន្ទាប់ពីបានកើនឡើងជាង ៣% ក្នុងវគ្គជួញដូរមុន ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងអ្នកប្រើប្រាស់ប្រេងធំៗរបស់ពិភពលោកគឺ សហរដ្ឋអាមេរិក និងចិន បានបង្ហាញសញ្ញានៃការបន្ធូរបន្ថយ ជាមួយនឹងកិច្ចប្រជុំដែលរំពឹងទុកនៅចុងសប្ដាហ៍ ហើយអង់គ្លេស ក៏ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ទម្លាយភាពជាប់គាំង" ជាមួយសហរដ្ឋអាមេរិក។
ភាគហ៊ុនប្រេងឆៅ Brent បានកើនឡើង ៧សេនប៉ុណ្ណោះ ឬ ០,១% ដល់តម្លៃ ៦២,៩១ដុល្លារ ក្នុងមួយបារ៉ែល ខណៈហ៊ុនប្រេងឆៅ WTI របស់អាមេរិក បានកើនឡើង ៧សេនដូចគ្នានេះ ឬ ០,១% នៅតួលេខ ៥៩,៩៨ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០១:២១នាទីរណលងអាធ្រាត្រ។ កាលពីថ្ងៃព្រហស្បតិ៍ ហ៊ុន Brent បានកើនឡើងដល់ទៅ ២,៨% នៅតម្លៃ ១,៧២ដុល្លារ ហើយ WTI បានកើនឡើង ៣,២% ទៅដល់ ១,៨៤ដុល្លារ។
សន្ទស្សន៍ដ៏ល្អទាំងនោះកើតឡើង ស្របពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ត្រៀមជួបជាមួយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន លោក He Lifeng នៅប្រទេសស្វីស នៅថ្ងៃទី១០ ខែឧសភា ស្អែកនេះ ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយជម្លោះពាណិជ្ជកម្ម ដែលបានគំរាមកំហែងដល់កំណើននៃការប្រើប្រាស់ប្រេងឆៅ។
ទន្ទឹមនឹងនេះ កំណើនតម្លៃប្រេងក៏កើតឡើងខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេស បានយល់ព្រមកាត់បន្ថយពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក មកត្រឹម ១,៨% ពីតួលេខ ៥,១% ហើយអាមេរិកបានកាត់ពន្ធលើរថយន្តរបស់អង់គ្លេស ប៉ុន្តែបានបន្សល់ទុកពន្ធ ១០% លើទំនិញភាគច្រើនផ្សេងទៀត៕