រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមឧទ្ទាមហ៊ួទី នៅប្រទេសយេម៉ែន នឹង«ទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ប្រសិនបើពួកគេនៅតែបន្តការបាញ់ប្រហារទៅលើអ៊ីស្រាអែល។

លោក Katz បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល «ត្រៀមខ្លួនជាស្រេចសម្រាប់បេសកកម្មណាមួយដែលអាចកើតឡើង។
លោក Katz បានចោទប្រកាន់មេដឹកនាំអ៊ីរ៉ង់ពីបទផ្តល់មូលនិធិ និងផ្តល់អាវុធដល់ក្រុមហ៊ួទី។ លោកបានថ្លែងថា៖ «យុគសម័យនៃក្រុមអ្នកតំណាង បានត្រូវបានបញ្ចប់ ហើយអ័ក្សនៃអំពើអាក្រក់ ក៏បានដួលរលំផងដែរ។
លោកបានលើកឡើងថា ទីក្រុងតេអេរ៉ង់មាន«ការទទួលខុសត្រូវដោយផ្ទាល់» ហើយបានព្រមានថា «អ្វីដែលយើងបានធ្វើចំពោះក្រុមហេសបូឡានៅទីក្រុងបេរូតនៃប្រទេសលីបង់ ក្រុមហាម៉ាសនៅងតំបន់ហ្កា ហ្សា លោក អាសាដ នៅទីក្រុងដាម៉ាសរបស់ប្រទេសស៊ីរី និងក្រុមហ៊ួទីនៅយេម៉ែន យើងនឹងធ្វើចំពោះអ្នកនៅក្នុងទីក្រុងតេអេរ៉ង់ផងដែរ។

កងកម្លាំងហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បាននិងកំពុងកំណត់គោលដៅលើអ៊ីស្រាអែល និងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយប្រទេសនេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយលើកឡើងពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ ការវាយប្រហារបន្ទាប់មក បានពង្រីកទៅលើនាវាអាមេរិក។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក និងក្រុមហ៊ួទី បានយល់ព្រមលើកិច្ចព្រមព្រៀងសម្របសម្រួលដោយប្រទេសអូម៉ង់ ដើម្បីបញ្ឈប់ការវាយប្រហារលើការធ្វើពាណិជ្ជកម្ម បន្ទាប់ពីការវាយប្រហារតាមអាកាសជាច្រើនសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ួទី បានអះអាងថា ខ្លួននឹងបន្តបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ប្រទេសនេះ បញ្ចប់ការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា និងដកការបិទផ្លូវប្រឆាំងនឹងប៉ាឡេស្ទីន។