អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលផ្តោតលើឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងសិទ្ធិមនុស្ស បានព្រមានថា សហរដ្ឋអាមេរិក បានដាក់ក្រុមជនអន្ធពាលធំៗនៅប្រទេសហៃទី ជាពួកភេរវករ ហើយរឿងនេះអាចប្រថុយនឹងការពង្រឹងអំណាចរបស់ពួកគេបន្ថែមទៀត ដោយការរឹតត្បិតជំនួយផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌ ជាពិសេសប៉ះពាល់ដល់ជនងាយរងគ្រោះ។
កាលពីសប្តាហ៍មុន អាមេរិក បានកំណត់ឈ្មោះក្រុម Viv Ansanm ដែលជាសម្ព័ន្ធមិត្តប្រដាប់អាវុធគ្រប់គ្រងផ្នែកភាគច្រើននៃរដ្ឋធានីព័រអូប្រាំង និងក្រុម Gran Grif ដែលប្រតិបត្តិការក្នុងតំបន់ Artibonite ថាជាក្រុមភេរវជន បន្ទាប់ពីវិធានការស្រដៀងគ្នានេះ ដែលធ្វើឡើងសម្រាប់ក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន។ ការកំណត់នេះ មានបំណងបំបែកក្រុមឧក្រិដ្ឋជន ដោយបដិសេធពួកគេមិនឱ្យទទួលបានហិរញ្ញប្បទានពីបុគ្គល ឬក្រុមហ៊ុនរបស់អាមេរិក។
យ៉ាងណាមិញ អ្នកវិភាគនៅអង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន GIATOC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ក្នុងបញ្ជីភេរវកម្មនេះ អាច "ធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ដោយអចេតនា"។ ក្រុមនេះនិយាយថា ជំហាននេះអាចគំរាមកំហែងដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលទាក់ទងជាមួយក្រុមជនអន្ធពាល ដើម្បីផ្តល់ជំនួយដល់សហគមន៍ក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយបែបនេះ អាចកាត់ផ្តាច់ជំនួយ និងធ្វើឱ្យប្រជាជនងាយរងគ្រោះ កាន់តែពឹងផ្អែកខ្លាំងលើក្រុមប្រដាប់អាវុធ។
មជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវសិទ្ធិមនុស្សរបស់ហៃទី កាលពីដើមសប្តាហ៍ បានលើកពីការសង្ស័យស្រដៀងគ្នា ដោយនិយាយថា សកម្មភាពនេះអាចប៉ះពាល់ដល់អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការជាមួយហៃទីសម្រាប់ជនងាយរងគ្រោះបំផុត នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមជនអន្ធពាល ដែលប៉ះពាល់ដោយការបង្កកមូលនិធិជំនួយរបស់អាមេរិករួចទៅហើយ៕