រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែឧសភា ថា អ្នកការទូតហុងគ្រីពីររូប ត្រូវតែចាកចេញពីប្រទេសនេះក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីទីភ្នាក់ងារសន្តិសុខ SBU របស់ទីក្រុងគីវ បានរកឃើញបណ្តាញចារកម្ម។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានសរសេរនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ដែលបានប្រកាសពីចំណាត់ការ បន្ទាប់ពីទីភ្នាក់ងារសន្តិសុខ SBU របស់ទីក្រុងគីវ និយាយថា ទីភ្នាក់ងារបានរកឃើញបណ្តាញចារកម្មគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសហុងគ្រី ក្នុងការទទួលបានការស៊ើបការណ៍ពីការការពាររបស់ប្រទេស។
ទីភ្នាក់ងារ SBU របស់អ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារបានឃាត់ខ្លួនភ្នាក់ងារដែលសង្ស័យចំនួនពីររូបកំពុងត្រូវបានគ្រប់គ្រងដោយការស៊ើបអង្កេតរបស់យោធាប្រទេសហុងគ្រី។
ពួកគេ ត្រូវបានជ្រើសរើសដោយអ្នកគ្រប់គ្រងផ្នែកចារកម្មយោធារបស់ប្រទេសហុងគ្រី ហើយបានផ្តល់ ប្រាក់ និងឧបករណ៍ពិសេសៗសម្រាប់ទំនាក់ទំនងសម្ងាត់។
ជាមួយគ្នានេះ ហុងគ្រី ក៏កំពុងបណ្ដេញអ្នកការទូតពីរនាក់ផងដែរ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា បទបញ្ជាបណ្តេញចេញរបស់ទីក្រុង Budapest គឺឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា «ការឃោសនា» របស់អ៊ុយក្រែន។