យោងតាមក្រុមមន្ត្រីសន្តិសុខលោកខាងលិច២រូប និងមន្ត្រីក្នុងតំបន់មួយរូបបានឲ្យដឹងថា អ៊ីរ៉ង់កំពុងរៀបចំបញ្ជូនជើងទម្របាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីនាពេលខាងមុខ ដែលសហរដ្ឋអាមេរិកនិយាយថា ក្រុងតេអេរ៉ង់បានបញ្ជូនទៅរុស្ស៊ីកាលពីឆ្នាំមុន សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។
ការដាក់ពង្រាយជើងទម្របាញ់មីស៊ីល Fath-360 ប្រសិនបើកើតឡើងមែន នោះនឹងជួយគាំទ្រការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន និងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។
ក្រុមអ្នកវិភាគបាននិយាយថា ជាមួយនឹងរយៈចម្ងាយ ១២០ គីឡូម៉ែត្រ ជើងទម្របាញ់មីស៊ីល Fath-360 នឹងផ្តល់ឱ្យកងកម្លាំងរបស់ទីក្រុងមូស្គូនូវអាវុធថ្មីមួយដើម្បីបាញ់ទៅលើជួរមុខរបស់អ៊ុយក្រែន គោលដៅយោធានៅជិតៗ និងទីតាំងប្រមូលផ្ដុំដោយប្រជាជននៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី។
សហរដ្ឋអាមេរិកបាននិយាយកាលពីខែកញ្ញាឆ្នាំមុនថា អ៊ីរ៉ង់ បានបញ្ជូនមីស៊ីលទៅរុស្ស៊ីនៅលើនាវាដែលមានទង់ជាតិរុស្ស៊ីចំនួនប្រាំបួនគ្រឿង ដែលខ្លួនបានដាក់ទណ្ឌកម្ម ហើយប្រភពចំនួនបីបានប្រាប់ សារព័ត៌មាន Reuters នៅពេលនោះថា ជើងទម្របាញ់មីស៊ីល មិនត្រូវបានរាប់បញ្ចូលនោះទេ។
ក្រុមមន្ត្រីសន្តិសុខលោកខាងលិច និងមន្ត្រីក្នុងតំបន់ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការបញ្ជូនជើងទម្របាញ់មីស៊ីល Fath-360 ជិតមកដល់ហើយ៕