ពោធិ៍សាត់ ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់ បំផុតនៅក្នុងព្រះពុទ្ធសាសនា ព្រោះពិធីបុណ្យវិសាខបូជានេះ គឺជាបុណ្យមួយយ៉ាងធំនៅក្នុង ព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រឭកដល់ព្រះពុទ្ធសមណ គោត្តម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី ១៥ កើត ខែ ពិសាខ ដែលពុទ្ធសាសនិកទាំង គ្រហស្ថ និងបព្វជិត នៅទូទាំងប្រទេសកម្ពុជា តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ដោយឡែកក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ក៏មានរៀបចំពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធមផងដែរ ដោយមានពុទ្ធសាសនិកចូលរួមយ៉ាងច្រើនកុះករប្រកបដោយក្តីជ្រះថ្លា ទោះអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ។ បុណ្យវិសាខបូជាក្នុងស្រុកស្រុកភ្នំក្រវាញ ត្រូវបានប្រារព្ធឡើងរួមគ្នាដោយវត្តចំនួន៦ ដែលរៀបចំធ្វើនៅបរិវេណវត្តស្បូវរីក ស្ថិតក្នុងឃុំលាច ក្រោមការដឹកនាំដោយព្រះតេជគុណ សន្តិចិត្តោ ស័ព្ទ សូរសៀង ព្រះចៅអធិការវត្តស្បូវរីក និងដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ និងតំណាងក្រុមការងារចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ។ ក្បួនដង្ហែរបុណ្យវិសាខបូជា ដោយរថយន្ត និងគោយន្ត ក្នុងស្រុកភ្នំក្រវាញ បានចាប់ផ្តើមពីវត្តស្បូវរីក ហើយដង្ហែរកាត់តាមផ្លូវសំខាន់ៗនានាក្នុងទីប្រជុំជនស្រុកភ្នំក្រវាញ រួចទើប បំបែកដង្ហែរដោយថ្មើរជើងចូលទៅកាន់វត្តនីមួយៗរៀងៗខ្លួន ។
ព្រះតេជគុណ សន្តិចិត្តោ ស័ព្ទ សូរសៀង ព្រះចៅអធិការវត្តស្បូវរីក មានសង្ឃដីកាបញ្ជាក់ថា ថ្ងៃវិសាខបូជាគឺជាថ្ងៃដ៏មានសារៈសំខាន់ ព្រោះថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា។ ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសំណើរ របស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ថាពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យ អន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជា ជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុម ប្រឹក្សាផ្នែកពុទ្ធសាសនា ស្តីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យវិសាខបូជានៃអង្គការសហប្រជា ជាតិ” នេះ បានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០០៤ ។ ថ្ងៃវិសាខបូជានេះ គឺចាត់ថាជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ បង្រៀនមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ ហើយថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញា គុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក ៕








