រដ្ឋបាលលោក Trump និយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីរតនាគារអាមេរិកលោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មលោក Jamieson Greer ពុំបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងក្នុងការដកស្រង់សម្ដីដែលបានបង្ហោះនៅលើគេហទំព័រសេតវិមានទេ ដោយគ្រាន់តែនិយាយថាកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីចិនប្រកបដោយផ្លែផ្កា និងសន្យាផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតថ្ងៃចន្ទនេះ។
លោក Greer បាននិយាយថា នេះជារឿងសំខាន់ក្នុងការយល់ដឹងថាតើយើងអាចឈានដល់ការព្រមព្រៀងគ្នាបានលឿនប៉ុណ្ណា ដែលឆ្លុះបញ្ចាំងថា ប្រហែលជាការខ្វែងគំនិតគ្នាមិនធំដូចការគិតនោះទេ។ មានមូលដ្ឋានគ្រឹះជាច្រើនដែលបានកើតឡើងក្នុងរយៈពេលពីរថ្ងៃនេះ។
លោកបានបន្ថែមថា គ្រាន់តែចាំថាហេតុអ្វីបានជាយើងនៅទីនេះជាលើកដំបូង សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មដ៏ធំចំនួន១,២សែនកោដិដុល្លារ ដូច្នេះប្រធានាធិបតី បានប្រកាសភាពអាសន្នថ្នាក់ជាតិ និងការដំឡើងពន្ធ ហើយយើងមានទំនុកចិត្តថាកិច្ចព្រមព្រៀងដែលយើងបានធ្វើជាមួយដៃគូចិននឹងជួយយើងឱ្យធ្វើការឆ្ពោះទៅរកការដោះស្រាយគ្រាអាសន្នជាតិនោះ៕