រដ្ឋបាលរញ្ជួយដីចិន (CEA) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥,៥រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ របស់ប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា នេះ។ រញ្ជួយដីនេះបានវាយប្រហារទីក្រុង Shigatse នៅម៉ោង ៥:១១នាទីព្រឹក (ម៉ោងក្នុងស្រុក) ក្នុងជម្រៅ ១០គីឡូម៉ែត្រ។
CEA បាននិយាយថា អាជ្ញាធរបានបញ្ជូនសេវាឆ្លើយតបសង្គ្រោះបន្ទាន់ដើម្បីទៅប្រតិបត្តិការ ហើយមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ រហូតមកដល់ពេលនេះ។ គួររម្លឹកថា កាលពីខែមករា មនុស្សជាង ១២០នាក់ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលបានវាយប្រហារស្រុក Tingri របស់តំបន់ទីបេ មានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រពីទីក្រុង Shigatse ។
ផ្អែកលើទិន្នន័យបឋមនៃរញ្ជួយដីបានឱ្យដឹងថា គ្រោះធម្មជាតិថ្មីនេះមិនគួរបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរណាមួយនោះទេ ប៉ុន្តែមនុស្សជាច្រើនក៏ប្រហែលជាទទួលដឹងនូវអារម្មណ៍ញ័ររង្គើពីក្នុងដីកម្រិតស្រាលនៅផ្នែកចំណុចកណ្តាលនៃរញ្ជួយ៕