បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយប្តេជ្ញាបង្រួបបង្រួមសង្គមនិងជំរុញកំណើនសេដ្ឋកិច្ច ខណៈស្វែងរកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទីបួននៅអាស៊ីមួយនេះ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនអាណត្តិនៅថ្ងៃទី៣ ខែមិថុនា ដើម្បីជ្រើសរើសអ្នកបន្តតំណែងពីលោក Yoon Suk Yeol បន្ទាប់ពីមេដឹកនាំអភិរក្សនិយមរូបនេះ ត្រូវបានបណ្តេញចេញពីអំណាចដោយការដាក់បទបញ្ជាច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក ដែលបានធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិនយោបាយ។

ព័ទ្ធជុំវិញដោយហ្វូងអ្នកគាំទ្រដ៏ច្រើនស្លៀកពាក់ពណ៌ខៀវ មេដឹកនាំឈានមុខ លោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យសេរី បានប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីសេអ៊ូល។ អ្នកគាំទ្រមួយចំនួន បានរាំបទចម្រៀងយុទ្ធនាការ ខណៈអ្នកផ្សេងទៀតស្រែកថា ប្រធានាធិបតី Lee Jae-myung។
លោក Lee បាននិយាយទៅកាន់ហ្វូងមនុស្សជាច្រើនថា «តើអ្នកនឹងចូលរួមដំណើរឆ្ពោះទៅរកការចាប់ផ្តើមថ្មី និងផ្លូវថ្មីដើម្បីក្តីសង្ឃឹមដែរទេ?» ។
លោក Lee ដែលបានចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីពេលមុនក្នុងការប្រជែងជាមួយលោក Yoon ពេលនេះកំពុងទទួលបានការគាំទ្រដ៏ពេញនិយម។