សហរដ្ឋអាមេរិក និងចិន បានយល់ព្រមកាត់បន្ថយជាបណ្តោះអាសន្ននូវពន្ធដែលបានដាក់លើការនាំចូលរបស់គ្នាទៅវិញទៅមក ដោយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ប្រទេសទាំងពីរនឹងកាត់បន្ថយពន្ធរបស់គ្នាទៅមកចំនួន ១១៥% សម្រាប់រយៈពេល ៩០ថ្ងៃ។

សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីចិន និងអាមេរិក បានបើកកិច្ចចរចាពាណិជ្ជកម្មនៅប្រទេសស្វីស កាលពីចុងសប្តាហ៍ ដែលលោក Bessent ធ្លាប់ពិពណ៌នាថាជា "ប្រកបដោយភាពវិជ្ជមាន និងមានលក្ខណៈស្ថាបនា"។ នេះជាជំនួបលើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធលើទំនិញចិនដែលចូលទៅអាមេរិក ក្នុងខែមករាមក។

សេចក្ដីថ្លែងការណ៍និយាយថា ចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ភាគីទាំងពីរប្តេជ្ញាចាត់វិធានការបន្ធូរភាពតានតឹងពាណិជ្ជកម្មដោយការបន្ថយពន្ធក្នុងអត្រា ១១៥% រវាងគ្នា ពោលគឺពន្ធរបស់អាមេរិក លើការនាំចូលរបស់ចិន ឥឡូវនេះនឹងត្រូវកាត់បន្ថយមកនៅត្រឹម ៣០% ប៉ុណ្ណោះ សម្រាប់រយៈពេល ៩០ថ្ងៃ ខណៈពន្ធរបស់ចិន លើការនាំចូលរបស់អាមេរិក នឹងត្រូវកាត់បន្ថយមកត្រឹមតែ ១០% សម្រាប់រយៈពេលដូចគ្នានេះ។

គួរឱ្យដឹងថា លោក Trump បានដាក់ពន្ធ ១៤៥% លើការនាំចូលរបស់ចិន ខណៈទីក្រុងប៉េកាំង បានឆ្លើយតបនឹងការយកពន្ធ ១២៥% លើទំនិញមួយចំនួនរបស់អាមេរិក។ ពន្ធដ៏ធំនេះបានបង្កឱ្យមានចលាចលទីផ្សារហិរញ្ញវត្ថុ និងបង្កឱ្យមានការភ័យខ្លាចនៃឱនភាពសេដ្ឋកិច្ចពិភពលោក៕