ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងទីក្រុងជិត ៥០ ក្នុងរដ្ឋ Bahia និង Minas Gerais ដោយសារតែភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ និងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់។ សេចក្តីសម្រេចដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានផ្លូវការបាននិយាយថា ទឹកជំនន់បានប៉ះពាល់ដល់ទីក្រុងចំនួន ១៧ នៅរដ្ឋ Bahia ភាគឦសានប្រទេសប្រេស៊ីល និង ៣១ក្រុងទៀតនៅរដ្ឋ Minas Gerais នៅភាគអាគ្នេយ៍។

ព្យុះបោកបក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបណ្ដាលមកពីការឆ្លងកាត់នៃព្យុះស៊ីក្លូន ដែលមានប្រភពមកពីមហាសមុទ្រអាត្លង់ទិក។ ទីក្រុងជាច្រើនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ហើយលំនៅឋាន និងស្ពានបានបាក់រលំ។ ទូរទស្សន៍ក្នុងស្រុកបង្ហាញឲ្យឃើញផ្លូវក្នុងទីក្រុងមួយចំនួន ត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយទឹកជំនន់ និងដីល្បាប់ដែលជន់លិចដល់ដំបូលផ្ទះ។ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចុះពិនិត្យមើលតំបន់លិចទឹកតាមឧទ្ធម្ភាគចក្រ ហើយបាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកដែលបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរមិនទាន់រាយការណ៍ពីចំនួនសរុបនៃអ្នករងគ្រោះនៅឡើយនោះទេ៕
អត្ថបទ៖ ប៊ុនថន